ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ក្រោយពីហូបបាយរួច ក៏ចូលទៅសម្រាកបាត់ទៅ ស្រាប់តែព្រឹកឡើង អ្នករួមការងារដាស់ឱ្យក្រោក ដើម្បីរៀបចំខ្លួនទៅធ្វើការ មិនឮឆ្លើយតបសោះ លុះយកដៃទៅអង្រួន ទើបដឹងថា ជនរងគ្រោះបានស្លាប់រឹងស្តូកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរោងស្នាក់នៅរបស់កម្មករ ស្ថិតក្នុងបុរីប៉េងហួត ល្វែង W35 បន្ទប់ទី០៣ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះ មានឈ្មោះចាន់ ជា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាងជ្រី ស្នាក់នៅបណ្តោះអាសន្ន នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមការបំភ្លឺរបស់ឈ្មោះញឹម រដ្ឋា ភេទប្រុស ត្រួវជាអ្នករួមការងារជាមួយជនរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ខ្លួននិងជនរងគ្រោះ ក្រោយពេលហូបបាយជុំគ្នារួច ក៏បំបែកគ្នា

ចូលបន្ទប់សម្រាករៀងៗខ្លួន។ លុះមកដល់វេលាម៉ោង ៤និង២០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ពេលគាត់ត្រលប់ពីទិញម្ហូបមកវិញ បានទៅស្រែកហៅឈ្មោះចាន់ ជា ឱ្យឡើងហូបបាយ ដើម្បីទៅធ្វើការទាំងអស់គ្នា តែមិនឮឆ្លើយតបវិញសោះ ពេលនោះ គាត់ក៏បានរុញទ្វារបន្ទប់ចូលទៅ ហើយឃើញជនរងគ្រោះដេកផ្ងារ ស្លៀកខោខ្លីពណ៌ក្រហម និងអាវដៃខ្លីពណ៌ក្រហម លើកឡើងត្រឹមដើមទ្រូង ហើយខ្លួនបានទៅលូកដៃទៅអង្រួនដាស់ ប៉ុន្តែខ្លួនគាត់មានសភាពរឹង មិនដឹងថាស្លាប់តាំងពីពេលណាឡើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សន្តិសុខបុរីប៉េងហួត តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសខណ្ឌច្បារអំពៅ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕