Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុសវ៉ៃម៉ែឪទ្រមខ្លួន ខឹងស្តីប្រដៅ ដេញឱ្យទៅស្លាប់

កូនប្រុសវ៉ៃម៉ែឪទ្រមខ្លួន ខឹងស្តីប្រដៅ ដេញឱ្យទៅស្លាប់

ខេត្តពោធិ៍សាត់ ៖ កូនប្រុសចិត្តក្តៅម្នាក់ ដើរលេងដាច់យប់ជាប្រចាំ មិនចេះជួយការងារផ្ទះអ្វីសោះឡើយ ទើបធ្វើឱ្យឪពុកចុងនិងម្តាយបង្កើត ទ្រាំមិនបាន ក៏ស្តីប្រដៅតិចតួច រួចបោះសម្តីថា បើពិបាកពេក ទិញថ្នាំពុលផឹកសម្លាប់ខ្លួនឱ្យបាត់ទៅ ជាហេតុធ្វើឱ្យកូនប្រុសផ្ទុះកំហឹង ក៏ស្ទុះទៅវាយទាំងឪពុកចុងនិងម្តាយបង្កើត បណ្តាលឱ្យរងរបួសទ្រមខ្លួនទាំង២នាក់ ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ។

ជនដែលប្រើហិង្សាទៅលើឪពុកចុង និងម្តាយបង្កើតខ្លួនឯង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះតាំ លាស់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ ជាឪពុកចុង មានឈ្មោះលី សិច អាយុ៥៣ឆ្នាំ និងជនរងគ្រោះជាម្តាយបង្កើតម្នាក់ទៀត ទាំងអស់គ្នានៅក្នុងបន្ទុកគ្រួសារតែមួយ នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានរៀបរាប់ប្រាប់ថា ជារៀងរាល់យប់ កូនប្រុសរបស់ពួកគាត់ (ជនសង្ស័យ) តែងដើរលេងរាល់យប់ ហើយជិតភ្លឺ ទើបមកផ្ទះ ជួនពេលខ្លះដាច់យប់តែម្តងក៏មាន។ មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កូនប្រុសរូបនេះ បានចេញទៅដើរលេងដូចសព្វដង រួចក៏ដាច់យប់ទៀត ពោលគឺរហូតមកដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ទើបលេចមុខត្រឡប់ចូលផ្ទះវិញ ជាហេតុធ្វើឱ្យពួកគាត់ទ្រាំមិនបាន ក៏បានស្តីប្រដៅកូនប្រុសនេះខ្លះទៅ ដោយនិយាយថា “អត់គិតដេកយប់ទេអី បើពិបាកពេក ទិញថ្នាំពុលផឹកសម្លាប់ខ្លួនតែម្តងទៅ” ភ្លាមនោះកូនប្រុសរបស់គាត់ បានស្ទុះមកវាយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បណ្តាលឱ្យរងរបួសទ្រមខ្លួនតែម្តង។

ដោយសារតែទ្រាំនឹងទង្វើកូនប្រុសកំណាចរូបនេះ តទៅទៀតលែងបាន ទើបជនរងគ្រោះទាំង២នាក់ ជាឪពុកម្តាយ បានសម្រេចចិត្តរាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាកូនប្រុស បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើអំពើហិង្សា វាយទៅលើឪពុកចុង និងម្តាយបង្កើតខ្លួនឯងមែន មូលហេតុដោយសារតេខឹងរឿងឪពុកចុងស្តីប្រដៅ ពិសេសប្រើសម្តីថាឱ្យខ្លួនទៅទិញថ្នាំពុលផឹកសម្លាប់ និងថែមទាំងវាយ មកលើគេមុន ១ដៃទៀតផង ទើបធ្វើឱ្យរូបគេទ្រាំមិនបាន វាយទៅលើឪពុកចុង សងវិញ ស្រាប់តែម្តាយបង្កើតគេ បានចូលមកឃាត់ ទើបធ្វើឱ្យរូបគេកាន់តែក្រពុលមុខ ក៏វាយអ្នកទាំងពីរតែម្តងទៅ។

ជុំវិញករណីហិង្សាក្នុងគ្រួសារនេះ លោកព្រះរាជអាជ្ញាខេត្ត បានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES