ខេត្តក្រចេះ ៖ កម្មវិធីអាពាហ៍ពិពាហ៍មួយ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងតាមលំដាប់លំដោយ រៀបនឹងជិតដល់កម្មវិធីទទួលភ្ញៀវពិសាភោជនាហារទៅហើយ ស្រាប់តែត្រូវបានអាជ្ញាធរចុះផ្អាក ព្រមទាំងនាំសាមីខ្លួនកូនកំលោះក្រមុំ យកទៅសាកសួរទៀតផង បន្ទាប់ពីអាជ្ញាធរបានរកឃើញថា ជាអាពាហ៍ពិពាហ៍ខុសច្បាប់ ដោយកូនកំលោះ ជាជនបរទេស លួចរៀបការជាមួយកូនក្រមុំជនជាតិខ្មែរ។

ប្រតិបត្តិការចុះផ្អាកពិធីរៀបអាពាហ៍ពិពាហ៍វាងកូនក្រមុំខ្មែរ ជាមួយកូនកំលោះបរទេសនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។

មន្ត្រីនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិតជាបានសម្រេចចុះបិទពិធីមង្គលការមួយទាំងស្រុង នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ប្រាកដមែន ដោយសារអាពាហ៍ពិពាហ៍នេះ រៀបចំឡើងរវាងកូនក្រមុំជាជនជាតិខ្មែរ ចំណែកកូនកំលោះជាជនបរទេស គឺជាជនជាតិហុងគ្រី។

អ្វីដែលចាប់អារម្មណ៍នោះ គឺពិធីមង្គលការដែលបានធ្វើឡើងតាមប្រពៃណីខ្មែរ តាំងពីព្រឹក គឺត្រូវផ្អាកវិញទាំងស្រុង នៅពេលរសៀល ខណៈការរៀបចំតុទទួលភ្ញៀវ ដើម្បីមកចូលរួមអបអរសាទរផឹកស៊ី ជិតដល់ពេលត្រូវចាប់ផ្តើមទៅហើយនោះ ក៏ត្រូវបានរំសាយទាំងស្រុង មិនតែប៉ុណ្ណោះ សូម្បីតែរោងពិធី ក៏ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យរុះរើចេញទាំងអស់ផងដែរ។

អាជ្ញាធរមូលដ្ឋានអះអាងថា ពិធីមង្គលការនេះ ខាងម្ចាស់សាមីខ្លួនកូនក្រមុំ ពុំបានមកសុំច្បាប់អាពាហ៍ពិពាហ៍ ឬប្រាប់អាជ្ញាធរឱ្យដឹងនោះទេ ដោយសម្រេចធ្វើពិធីមង្គលការយ៉ាងអធិកអធមតាមតែចិត្តនឹកឃើញរបស់ពួកគេតែប៉ុណ្ណោះ។
យ៉ាងណា នៅមិនទាន់មានការបកស្រាយណាមួយពីភាគីខាងគ្រួសារកូនក្រមុំនៅឡើយទេ៕