ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងមកហើយដែលឈ្មួញមុខដដែលៗ ដឹកជញ្ជូនឈើអារប្រភេទលេខ២ ចេញពីស្រុកជ័យសែន និងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាពគគ្រឹកគគ្រេង ពុំមានថមថយសោះ ហើយបច្ចុប្បន្ន កាន់តែបានចិត្ត បានដៃខ្លាំងឡើង សម្រុកដឹកទ្វេដង ខណៈដែលសមត្ថកិច្ចនិងមន្ត្រីជំនាញ ហាក់ព្រងើយកន្តើយ មិនចាប់អារម្មណ៍សោះ។

ជាមួយនឹងសកម្មភាពនេះមជ្ឈដ្ឋានប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើសមត្ថកិច្ច និងជំនាញចំៗថាជាអ្នកបណ្តែតបណ្តោយ មិនខ្វល់នឹងទប់ស្កាត់បង្ក្រាប គឺអាចនិយាយបានថា ក្រុមសមត្ថកិច្ចទាំងនោះសុទ្ធតែជាមិត្តល្អរបស់មេឈ្មួញរកស៊ីឈើខុសច្បាប់។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា តាមពិតទៅ ឈើចេញពីស្រុកតែមួយ គឺស្រុកជ័យសែន ដែលក្រុមឈ្មួញបំផុសបំផុលឱ្យប្រជាពលរដ្ឋចូលទៅអារច្រៀកនៅក្នុងតំបន់ព្រៃឡង់ រួចដឹកយកមកទម្លាក់នៅភូមិភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជ័យសែន និងខ្លះទៀតដឹកតាមគោយន្តកន្ត្រៃ យកមកទម្លាក់នៅភូមិខ្វាំង ស្រុករវៀង រួចលើកដាក់លើរថយន្តសាំងយ៉ុង កែច្នៃដឹកយកទៅលក់ឱ្យដេប៉ូនានាក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការឯកភាពទាំង២ស្រុកនេះ អត់រវល់ទប់ស្កាត់និងបង្ក្រាបសោះ ដោយមន្ត្រីជំនាញខ្លះអង្គុយចាំរាប់ក្បាលឡានដឹកឈើ យកផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។

ប្រជាពលរដ្ឋ បានលើកឡើងទៀតថា បទល្មើសព្រៃឈើ ដឹកចេញពីព្រៃឡង់ បើមានការទប់ស្កាត់ពីសមត្ថកិច្ចបរិស្ថានព្រៃឡង់ ពិសេស ស្នាក់ការបរិស្ថានភ្ញាក់រលឹក ស្នាក់ការបរិស្ថានស្រែវាល និងស្នាក់ការបរិស្ថានពើក នោះបទល្មើសព្រៃឈើ មិនអាចកើតមានឡើយ។

ប្រភពបានបញ្ជាក់ថា សព្វថ្ងៃនេះ មានឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែជាច្រើន ដូចជា ទី១-មេឈ្មួញឈ្មោះព្រហ្ម វុទ្ធី ហៅធីម្រេច ល្បីល្បាញរាប់ឆ្នាំមកហើយ ទី២-ឈ្មោះបញ្ញា ទី៣-ឈ្មោះពន្លក ទី៤-ឈ្មោះម៉េត (មេឈ្មួញឈ្មោះម៉េត នេះ កាលពីឆ្នាំទៅ បើកឡានរបស់ខ្លួនបំបុកឡានអ្នកកាសែតម្តងហើយ ហើយអភិបាលខេត្ត បានបញ្ជាឱ្យតាមចាប់ខ្លួន តែឈ្មួញនេះបានរត់គេចខ្លួនបាត់ ១ឆ្នាំ ឥឡូវត្រឡប់មកវិញធ្វើសកម្មភាពដឹកឈើដដែល) ទី៥-ឈ្មោះខ្លា មេឈ្មួញឈ្មោះខ្លា នេះទើបតែបើករថយន្តដឹកឈើរបស់ខ្លួនកៀររថយន្តអ្នកកាសែត ថ្មីៗនេះ ដោយសមត្ថកិច្ចគប់គិតគ្នា រថយន្តដឹកឈើកៀររថយន្តអ្នកកាសែត ត្រូវបានដោះលែង រួមទាំងឈើពេញឡានផង ឱ្យរួចខ្លួនដោយគ្មានទោសពៃរ៍អ្វីឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើ លោករី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បានប្រាប់អ្នកកាសែតថា លោកមិនដែលឃើញគេដឹកឈើផង? ប៉ុន្តែលោកទទួលស្គាល់ថា ឈ្មួញដឹកឈើខុសច្បាប់ ឈ្មោះពន្លក ប៉ុន្មានថ្ងៃមុន លោកធ្លាប់ចាប់ដែរ។

ចំណែកលោកឃិត វណ្ណៈ ប្រធានស្នាក់ការបរិស្ថានស្រែវាល បានឱ្យដឹងថា ឈ្មួញទាំងប៉ុន្មាននាក់ខាងលើ មិនដែលបានចូលមកដឹកឈើស្រែវាលទេ។ ចំពោះឈ្មោះព្រុំ វុទ្ធី ហៅធីពុករលួយ ដែលជាឈ្មួញដឹកឈើខុសច្បាប់ខួបប្រាំងខួបវស្សា ក៏លោកថាមិនដែលស្គាល់ឈ្មោះ នេះដែរ។
ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សំណូមពរទៅគណៈបញ្ជាការឯកភាពខេត្ត មេត្តាមានវិធានការចំពោះក្រុមឈ្មួញទាំងនោះផង បើមិនដូច្នោះទេ ព្រៃឈើនឹងរលាយហិនហោចឆាប់មិនខាន៕