ភ្នំពេញ៖ខណៈដែលនាយពែកម៉ី នៅតែអេះអុញស្ទាក់ស្ទើចិត្តមិនដាច់រឿងថាតើគូតែចង់ឡើងជាឧកញ៉ាដូចគេដែរឬអត់ព្រោះខ្លាចក្លាយទៅជាឧកញ៉ាពែកម៉ី គេលែងហ៊ានជួលលេងកំប្លែងកាត់សក់នោះ ស្រាប់តែកាលពីថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២ កំពូលតារាចម្រៀងព្រាប សុវត្ថិ ក្លាយជាឧកញ៉ាបាត់ទៅហើយ ដោយអ្នកខ្លះបានហៅតារាGalaxy រូបនេះថា”លោកឧកញ៉ាស្នាយ”ទៀតផង។ការឡើងងារជាឧកញ៉ារបស់លោកព្រាប សុវត្ថិ នៅពេលនេះក្រោយពីលោកខែម ប៊ុនថៃ ទទួលបានងារនេះមុនលោករយៈពេលជាង២ខែទៅហើយ ហេតុនេះលោកព្រាប សុវត្ថិ បានក្លាយទៅជាតារាទី៤ដែលធ្វើជាឧកញ៉ាក្នុងនោះមានលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្វី្រលគីនីន និងឧកញ៉ាកូន៣លោកប៊ុនថៃ ។

សំណួរដែលមហាជនបានលើកឡើងថាតើក្រោយទទួលបានងារជា”ឧកញ៉ា”នេះលោកព្រាប សុវត្ថិ នឹងបោះបង់អាជីពចម្រៀងចោលឬយ៉ាងណា? ការគិតបែបនេះព្រោះថាក្នុងចំណោមតារាដែលឡើងជាឧកញ៉ាខាងលើនោះពួកគេភាគច្រើនគិតតែលើមុខជំនួញច្រើនជាងការងារសិល្បៈ។

លោកព្រាប សុវត្ថិ មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះលោកលែងកាន់លេខទូរស័ព្ទចាស់។យ៉ាងណាមនុស្សជំនិតរបស់លោកព្រាប សុវត្ថិ ដែលពេលនេះកំពុងធ្វើការនៅហង្សមាសនិងត្រូវបានតារាទាំងឡាយចាត់ទុកដូចគ្រូសិល្បៈនោះបានប្រាប់អ្នកយកព័តមានយើងថាព្រាប សុវត្ថិ ស្រលាញ់សិល្បៈណាស់ពិសេសផ្នែកចម្រៀងនេះ ហេតុនេះហើយលោកជឿរថាលោកស្នាយ នៅតែចេញច្រៀងរាំជាធម្មតាតទៅទៀត។ប៉ុន្ដែលោកថាព្រាប សុវត្ថិ នឹងយកគោរម្យងារថ្មីនេះទៅប្រើប្រាស់លើវិស័យជំនួញរបស់លោកកាន់តែសកម្មជាងមុនមិនខាន…។

មតិមហាជនធ្លាប់លើកឡើងថាព្រាប សុវត្ថិ គូតែឡើងជាឧកញ៉ាមុននេះ ព្រោះគេចាំបានថាកាលពីខែកញ្ញាឆ្នាំ២០២០ លោកត្រូវមនុស្សជំនិតបំផុតទម្លាយប្រាប់អ្នកសារព័តមានថាការចាប់អាជីពចម្រៀងជាង២០ឆ្នាំនេះលោកសុវត្ថិ សល់ទ្រព្យខ្ទង់៣០លានដុល្លារ ដែលទឹកប្រាក់នេះគឺមានចំនួនច្រើនបើប្រៀបធៀបជាមួយតារាផ្សេងៗទៀតដែលត្រូវបានគេចាត់ទុកថាជាអ្នកមានទ្រព្យស្ដុកដែរនោះ។ប៉ុន្ដែព្រាប សុវត្ថិ បែជាឡើងឧកញ៉ាក្រោយលោកខែម ប៊ុនថៃ ទៅវិញ តែក្រោយទទួលបានងារនេះភ្លាមលោកស្នាយ ត្រូវបានតារារួមអាជីពចេញសារសាទរជាបន្ដបន្ទាប់ ។ដោយឡែកសម្រាប់អ្នកនៅក្រៅរង្វង់សិល្បៈវិញបែជាបារម្ភខ្លាចលោកស្នាយ ឈប់ច្រៀងរាំធ្វើឲ្យពួកគេលែងបានស្ដាប់សម្លេងរបស់លោកដូចមុនទៅវិញ។ការគិតបែបនេះព្រោះតែគេឃើញលោកខែម ប៊ុនថៃ ក៍មិនសូវចេញមុខច្រៀងរាំសកម្មដែរក្រោយតារាកូន៣ឡើងជាឧកញ៉ាជិត៣ខែមកនេះ។

គេនៅមិនទាន់ឭថាព្រាប សុវត្ថិ នឹងតំឡើងតម្លៃខ្លួនច្រៀងសម្ដែងក្រោយក្លាយទៅជាឧកញ៉ានេះទេ ហេតុនេះហើយអ្នកដែលធ្លាប់ជួលលោកច្រៀងរាំពីមុនគឺនៅតែហ៊ានហៅលោកឧកញ៉ាវ័យ៤៧ឆ្នាំនេះឡើងឆាកដដែល។ប៉ុន្ដែមានការព្យាករណ៍ថាលោកព្រាប សុវត្ថិ ដែលបច្ចុប្បន្នGalaxy កំណត់តម្លៃខ្លួនច្រៀងកម្មវិធីធំ១ម្ដងស៊ីថ្លៃ៥ពាន់ដុល្លារនោះនឹងឡើងខ្ពស់ជាងនេះទៀតជាមិនខាន ព្រោះមុននេះលោកប៊ុនថៃ បានចេញវីដេអូថាច្រៀង៦បទបានថ្លៃខ្លួន១ម៉ឺនដុល្លារឯណ្ណោះដែលធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួនច្របូកច្របល់ព្រោះខ្លះថាគ្មានលទ្ធភាពជួលលោកឧកញ៉ាទៅច្រៀងរាំទៀតឡើយ។ដោយឡែកអ្នកជំនាញសិល្បៈបានលើកឡើងថាក្រោយព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ដ ឡើងជាឧកញ៉ាដូចគ្នានេះតារាទាំង២នឹងកាន់តែប្រកួតប្រជែងគ្នាយ៉ាងស្វតិស្វាញទាំងចម្រៀងនិងមុខជំនួញជាមិនខាន៕

