ភ្នំពេញ ៖ ស្ត្រីជាអគ្គនាយិកាក្រុមហ៊ុនម្នាក់ ដែលមានងារជាលោកជំទាវផងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយរងនូវការចោទប្រកាន់ពីបទ ឆបោក និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ឱ្យអតិថិជន ពាក់ព័ន្ធនឹងសំណុំរឿងទិញ-លក់ដីធ្លី។
ស្ត្រីដែលរងការចោទប្រកាន់ខាងលើ មានឈ្មោះឈិន ដាណា អាយុ៤៧ឆ្នាំ ជាអគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបានហេង ហេង គ្រុប មានអាសយដ្ឋាននៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការនាំខ្លួនស្ត្រីខាងលើចូលតុលាការ គឺសមត្ថកិច្ចបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកកេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ពាក់ព័ន្ធនឹងបទចោទប្រកាន់នេះ គឺនៅអំឡុងចុងឆ្នាំ២០២០ ស្ត្រីឈ្មោះឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ ៣ហិកតារ ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០ម៉ឺនដុល្លារឱ្យទៅបុគ្គលម្នាក់។ ដោយមានការជឿជាក់លើស្ត្រីខាងលើ ទើបភាគីដើមបណ្តឹង បានបង់ប្រាក់ថ្លៃដី គ្រប់ចំនួន ឱ្យទៅស្ត្រីរូបនោះ តែក្រោយពីបានលុយអស់ហើយ ស្ត្រីខាងលើអត់មានដីឱ្យទៅដើមបណ្តឹងទៅវិញ។
សំណុំរឿងត្រូវបានសមត្ថកិច្ចបញ្ជូនដល់ដៃចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ ក៏បានបើកការសាកសួរ រហូតដល់ព្រលប់ថ្ងៃដដែល ទើបសម្រេចឱ្យស្ត្រីរូបនោះ វិលត្រឡប់ទៅផ្ទះវិញ ដោយតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ជុំវិញករណីនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួនលោកស្រី ឈិន ដាណា នៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕