Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃុំខ្លួនប៉ូលិសម្នាក់ ស៊ីដាច់១ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌ

ឃុំខ្លួនប៉ូលិសម្នាក់ ស៊ីដាច់១ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌ

ភ្នំពេញ ៖ លោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ដាក់ពន្ធនាគារដើម្បីអនុវត្តទោស តាមអំណាចសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។

ជនជាប់ចោទមានឈ្មោះពៅ វណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ៤៣ ផ្លូវលេខ១៦ កែងផ្លូវលេខ១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១

ខណ្ឌពោធិ៍សែនជ័យ។ ជនជាប់ចោទត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន របស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។

សាលក្រមនោះមានសេចក្តីសម្រេចផ្តន្ទាទោសឈ្មោះ ពៅ វណ្ណឌី ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២០ តាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ សាលក្រម សម្រេចឱ្យជនជាប់ចោទ សងប្រាក់ចំនួន ២ម៉ឺនដុល្លារ និងសំណងការខូចខាតពេលវេលា ការចំណាយថ្លៃសេវាច្បាប់ និងជំងឺចិត្ត ជាទឹកប្រាក់ចំនួន ១៥ ០០០ដុល្លារ ទៅដើមបណ្តឹងរដ្ឋប្បវេណី។

សំណុំរឿងនេះបានបើកសវនាការជំនុំជម្រះជាសាធារណៈ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងប្រកាសសាលក្រម នៅថ្ងៃទី២៣ ខែឆ្នាំដដែល ដោយកំបាំងមុខជនជាប់ចោទ តែចំពោះមុខដើមបណ្តឹង និងទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

ដើមចមបណ្តាលឱ្យមានការចាប់ខ្លួននិងឃុំខ្លួនជនជាប់ចោទឈ្មោះពៅ វណ្ណឌី ត្រូវបានប្រភពព័ត៌មាន បង្ហើបឱ្យដឹងថា រឿងផ្តើមចេញពីជនជាប់ចោទបានទទួលយកប្រាក់ពីដើមបណ្តឹងប្រមាណជាង ១ម៉ឺនដុល្លារ ដើម្បីយកទៅរត់ការផ្ទេរក្របខ័ណ្ឌពីអង្គភាពមួយទៅអង្គភាពមួយ ប៉ុន្តែលទ្ធផលមិនបានសម្រេច ដូចការនិយាយគ្នា មុនពេលទទួលយកប្រាក់ពីភាគីដើមបណ្តឹងនោះទេ ទើបកើតជារឿងប្តឹងផ្តល់ រហូតមានសាលក្រមផ្តន្ទាទោស និងមានដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន តាមអំណាចសាលក្រមនេះ៕

RELATED ARTICLES