ភ្នំពេញ ៖ បុរសម្នាក់ បានជិះកង់ ១គ្រឿង កាត់មុខផ្ទះមួយកន្លែង ស្រាប់តែប្រទះឃើញម៉ូតូ ១គ្រឿងដែលម្ចាស់គេចតទុកមុខផ្ទះនោះ ដោយពុំបានដកសោចេញ ក៏បានធ្វើសកម្មភាពលួច ក្នុងបំណងជិះចេញរត់គេចខ្លួន តែគាប់ជួនម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់ខ្លួនបាន រួចប្រគល់ជូននគរបាលនាំទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនសង្ស័យខាងលើ មានឈ្មោះហែល ផាត់យុទ្ធ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យបានធ្វើសកម្មភាពលួច ម៉ាកស៊ុយហ្ស៊ុយគី ឡេត ពណ៌ស ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HS-9520 ជាកម្មសិទ្ធិរបស់ឈ្មោះជឿន រចនា ភេទប្រុសអាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិក្រួស ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយពេលត្រឡប់មកពីទិញអីវ៉ាន់នៅផ្សារវិញ ម្ចាស់ម៉ូតូបានចតម៉ូតូទុកនៅមុខផ្ទះ ដោយមិនបានដកសោចេញឡើយ បន្ទាប់មកក៏បានដើរចូលទៅក្នុងផ្ទះ

ដើម្បីយកអីវ៉ាន់ទៅទុក។ លុះរយៈពេលប្រមាណ ៣នាទី ក្រោយមក ក៏ស្រាប់តែឃើញជនសង្ស័យខាងលើ ជិះកង់ទៅឈប់ជិតនោះ បន្ទាប់មកទៀតក៏បានឡើងជិះម៉ូតូរបស់ជនរងគ្រោះ ក្នុងបំណងគេចខ្លួន ហើយក៏ត្រូវម្ចាស់ទាន់ បានស្រែកឆោឡោថា “ចោរ!ៗ” បង្កឱ្យមានការផ្អើល ខណៈពេលនោះអ្នកជិតខាងក៏បានចេញមកជួយដេញចាប់បានភ្លាមៗ រួចប្រគល់ឱ្យនគរបាលខណ្ឌកំបូល ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្តង៕