ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ១ក្រុម កំពុងប្រមូលផ្តុំសម្ងំជក់ថ្នាំញៀនយ៉ាងពពាក់ពពូននៅក្នុងដីឡូត៍មួយកន្លែង ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាប ដោយចាប់ខ្លួនបានសរុបចំនួន ៧នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចដីឡូត៍ក្បែរខ្ទមចាស់ ១កន្លែង ស្ថិតក្នុងភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការបង្ក្រាបជាក់ស្តែង ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចដីឡូត៍ក្បែរខ្ទមចាស់ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៧នាក់។

ជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះជូរ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី២-ឈ្មោះចាន់ នារតី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ទី៣-ឈ្មោះសោម រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបឹងសាឡាង១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៤-ឈ្មោះផុន សូនី ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទី៥-ឈ្មោះសុភ័ណ្ឌ ចាន់ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិត

ប្រាកដ មានលំនៅ ភូមិពីរ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទី៦-ឈ្មោះផេង សុខភឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកសំណង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៧-ឈ្មោះពូន សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕