ភ្នំពេញ៖តារាទឹកភ្នែកនី មុនីនាថ បានសារភាពមានស្នេហ៍ថ្មីជាប្រុសអូស្រា្ដលីរយៈពេលជាង១ឆ្នាំទៅហើយដោយអះអាងថាម្ចាស់បេះដូងរបស់នាងគឺជាអ្នកជំនួញអាណិកជនវ័យក្មេងមកពីអូស្រា្ដលី។ប៉ុន្ដែមុនីនាថ បែជាមិនដែលបណ្ដើរបុរសនោះជាចំហម្ដងណាឡើយ ពិសេសកម្មវិធីមង្គលការប្អូនសារ៉ាយ សក្ខណា កាលពីខែមករា និងពិធីអាពាហ៍ពិពាហ៍របស់ទឹម រដ្ឋា ចុងខែមីនា ឆ្នាំ២០២២ ដែលមុនីនាថ ប្រៀបដូចជាសាច់ញាត្តិម្ចាស់កម្មវិធីហើយនាងគូតែបង្ហាញអនាគតស្វាមីឲ្យមិត្តភក្ដិស្គាល់នោះ តែនាងបែជាកាន់តែព្យាយាមលាក់មុខប្រុសនោះកាន់តែខ្លាំងទៅវិញ។ភាពប្រែប្រួលកាន់តែប្លែករបស់នី មុនីនាថ នៅពេលនេះរឹតតែធ្វើឲ្យគេសង្ស័យថានាងកំពុងតែបង្វែរដានប្រើរូបភាពក្លែងក្លាយថាមានគូស្នេហ៍ជាប្រុសអូស្រា្ដលីដើម្បីកុំឲ្យគេថានាងមានស្នេហាអាថ័កំបាំងជាមួយបុរសក្នុងស្រុកព្រោះតាមសភាពជាក់ស្ដែងប្រសិនបើស្រីស្រអែមស្រស់រូបនេះមានសង្សារថ្មីជាប្រុសនៅលីវមែនគ្មានរឿងអ្វីដែលនាងត្រូវខ្លាចឬលាក់បាំងមុខមុខគូស្នេហ៍បែបនេះទេ។តែអ្វីដែលចម្លែកនៅពេលសាកសួររឿងថាពេលណាទើបមុនីនាថ គិតគូរឿងរៀបការនោះនាងបែជាថាបើគូព្រេងមកដល់ការស្អែកក៍បាន តែបើមិនទាន់ដល់ទេ អាច៤ទៅ៥ឆ្នាំទៀតក៍មិនដឹង…។ការផ្ដល់ចម្លើយបែបសា្ទក់ស្ទើក្នុងចិន្ដា របស់មុនីនាថ នៅពេលនេះធ្វើឲ្យគេអាចសន្និដ្ឋានបានថាតាមពិតចំណងស្នេហាថ្មីរបស់នាងគឺមិនទាន់មានភាពច្បាស់លាស់នោះទេ ហើយក៍មិនដឹងថាសង្សាររបស់នាងពិតជាប្រុសនៅក្នុងឬក្រៅប្រទេសដែរ។


នី មុនីនាថ ធ្លាប់ប្រាប់អ្នកកាសែតកាលពីពាក់កណ្ដាលឆ្នាំ២០២០ ថានាងមានសង្សារថ្មីជាអ្នកជំនួញមកពីអូស្រា្ដលីម្នាក់ដែលចេញចូលៗមកខ្មែរ។ការអះអាងរបស់មុនីនាថ នៅពេលនោះចំពេលដែលមានការខ្សឹបខ្សៀវគ្នាក្នុងសិល្បៈថាតារាទឹកភ្នែករូបនេះមានស្នេហាជាមន្រ្ដីធំម្នាក់ទើបនៅពេលដែលការងារសិល្បៈរបស់នាងមិនសូវលេចធ្លោបែជាស្រីស្រស់ទិញបានផ្ទះវីឡារ១តម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីជីពម៉ុងលែនទី១ ផ្លូវជា សុផារ៉ា។


តែមុនីនាថ ដែលចែកផ្លូវគ្នាទាំងចម្រូងចម្រាសជាមួយអតីតគូដណ្ដឹងជាអាណិកជនខ្មែរមកពីអាមេរិកលោកអ៊ុង សូឡាំង កាលពីឆ្នាំ២០១៧ ហើយត្រូវលោកសូឡាំង ប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្តដោយទាមទារសំណងជំងឺចិត្តដល់ទៅ១០ម៉ឺនដុល្លារ នោះថាផ្ទះថ្មីរបស់នាងគឺនាងរស់នៅតែជាមួយឪពុកម្ដាយនិងប្អូនៗនាងប៉ុណ្ណោះគ្មានមន្រ្ដីធំ ឬប្រុសណាផ្សេងរស់នៅទីនោះឡើយ។យ៉ាងណាមុនីនាថ មិនប្រាប់ពីប្រភពប្រាក់ចំណូលនៃលុយដែលទិញវីឡារ និងរថយន្ដថ្លៃៗជិះនោះទេ ខណៈដែលពេលនេះនាងអស់ក្ដីបារម្ភរឿងគូដណ្ដឹងចាស់តាមឆាឆៅទៀតហើយព្រោះសំណុំរឿងនោះបានគាំងមិនដំណើរការអស់រយៈពេលជាង៤ឆ្នាំទៅហើយ៕

