ខេត្តកំពង់ធំ ៖ បុរសម្នាក់ បានផ្ទុះភ្លើងប្រចណ្ឌជាមួយនឹងបុរសម្នាក់ទៀត ដែលសង្ស័យថាបានលួចទាក់ទងប្រពន្ធរបស់ខ្លួន ក៏កើតចេញជាអំពើហិង្សា ទាញកាំបិតប៉័ងតោ កាប់ប្រហារបុរសរូបនោះទាំងកំរោល ជាច្រើនកាំបិត លុះបុរសម្នាក់ទៀតឃើញបែបនេះ ក៏ស្ទុះចូលមកជួយឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនបង្កហេតុដែលកំពុងពុលកំហឹង មិនត្រឹមតែមិនខ្ចីស្តាប់ ថែមទាំងកាប់ទៅលើបុរសដែលចូលមកឃាត់នោះ ថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាផ្តើមចេញពីភ្លើងប្រចណ្ឌនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក។

ជនសង្ស័យដែលកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសចំនួន ២នាក់ ដោយសារតែកំហឹងភ្លើងប្រចណ្ឌ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះព្រាប សីហា ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅ ភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក។ ចំណែកជនរងគ្រោះ ទាំង២នាក់ ទី១-ឈ្មោះនាង ហៅធឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា និងជាអ្នកដែលជនសង្ស័យចោទថាបានលួចទាក់ទងជាមួយប្រពន្ធរបស់គេ (រងរបួស

ជាច្រើនកាំបិត) និងទី២-ឈ្មោះងួន វាសនា ភេទប្រុស អាយុ៥៣ឆ្នាំ មានលំនៅ ភូមិស្វាយមាស ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកចូលឃាត់ (រងរបួសក្បាល ១កាំបិត)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះព្រាប សីហា បានកើតមានជម្លោះ និងចោទប្រកាន់ទៅលើជនរងគ្រោះ ឈ្មោះនាង ហៅធឿន ថាបានលួចទាក់ទងស្នេហាជាមួយនឹងប្រពន្ធរបស់ខ្លួន រហូតឈានដល់ការចងគំនុំទុកក្នុងចិត្តទៀតផង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានកើតមានជម្លោះ

ជាមួយនឹងជនរងគ្រោះម្តងទៀត ដោយផ្តើមចេញពីភ្លើងប្រចណ្ឌដដែល រហូតដល់ភាគីជនសង្ស័យទប់កំហឹងមិនជាប់ ក៏ទាញកាំបិតប៉័ងតោ ស្ទុះទៅកាប់ប្រហារទៅលើជនរងគ្រោះ ទាំងកំរោល បណ្តាលឱ្យរងរបួសជាច្រើនកាំបិត។
ប្រភពដដែល បន្តថា លុះឃើញសភាពបែបនេះ ជនរងគ្រោះទី២ ឈ្មោះងួន វាសនា បានចូលទៅជួយឃាត់ កុំឱ្យអ្នកទាំងពីរឈ្លោះគ្នា ស្រាប់តែត្រូវជនសង្ស័យដែលកំពុងពុលកំហឹង មិនខ្ចីស្តាប់ ថែមទាំងបានកាប់ប្រហារទៅលើជនរងគ្រោះឈ្មោះងួន វាសនា ថែមម្នាក់ទៀត បណ្តាលឱ្យរងរបួសក្បាល មួយកាំបិតយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាពតាំងគោក និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ដើម្បីសង្គ្រោះ។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
អ៊ុង សំអាត