ខេត្តបន្ទាយមានជ័យ ៖ បុរសជាជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ មួយរូប គ្រាន់តែខឹងរឿងសត្វក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន ក៏ផ្ទុះកំហឹង រហូតដល់ដកកាំភ្លើងបាញ់ប្រហារទៅបុរសចំណាស់ជាអ្នកឃ្វាលក្របី បណ្តាលឱ្យបាក់ជើងម្ខាង រងរបួសយ៉ាងធ្ងន់ បន្ទាប់មកក៏រត់គេចខ្លួនបាត់។

ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់មួយកន្លែង ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់អ្នកឃ្វាលក្របី បណ្តាលឱ្យបាក់ជើង រួចរត់គេចខ្លួនបាត់នោះ មានឈ្មោះរ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយ៍ទោ (ពាក់ស័ក្តិ៤កន្លះ) តួនាទីជានាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ មកស្នាក់នៅបណ្តោះអាសន្ននៅ ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ចំណែកជនរងគ្រោះ មានឈ្មោះឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស មុខរបរជាអ្នកស៊ីឈ្នួលមើលសត្វក្របីឱ្យគេ ប្រហែល ១០០ក្បាល រស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានឃ្វាលក្របីប្រមាណ ១០០ក្បាល ទៅក្បែរនឹងដី របស់ជនសង្ស័យដូចសព្វដង លុះក្រោយមក ក្របីដែលជនរងគ្រោះឃ្វាលនោះ បានចូល

ទៅស៊ីស្មៅក្នុងដីរបស់ជនបង្កហេតុ នៅពេលនោះ ជនបង្កហេតុជាម្ចាស់ដី បានប្រាប់ឱ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួន កុំឱ្យស៊ីស្មៅ ព្រោះស្មៅនោះទុកឱ្យសត្វពពែរបស់គេស៊ី។

ប្រភពដដែល បន្តថា ឮបែបនេះ ជនរងគ្រោះក៏បានដើរទៅដេញក្របីឱ្យចេញ រួចក៏អង្គុយលេងជាមួយទាហាននៅក្បែរកន្លែងនោះ ហើយក្រោយមកទៀត មិនដឹងជាយ៉ាងម៉េច ស្រាប់តែជនបង្កហេតុ បានទាញកាំភ្លើងម៉ាកវាំងឡុង (ជាប្រភេទកាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះ ចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេង បណ្តាលឱ្យបាក់ជើង រងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារជនរងគ្រោះបាក់ជើងរួច ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះ ត្រូវបានមន្ត្រីយោធានៅក្បែរនោះ ជួយដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕