ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានកើតមានជម្លោះជាមួយនឹងបងស្រីបង្កើតរបស់ខ្លួន និងប្តី (បងថ្លៃ) ពីរឿងព្រំដី រហូតឈានដល់ការប្រើអំពើហិង្សា ដោយភាគីប្អូនប្រុស បានទាញពូថៅ កាប់ប្រហារបងស្រីបង្កើតខ្លួនឯង និងបងថ្លៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។

ជនសង្ស័យដែលធ្វើសកម្មភាពកាប់បងស្រីបង្កើត និងបងថ្លៃ បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ុង ម័រ អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។ ចំណែកជនរងគ្រោះ

ទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះ Dionnet Pascal ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិបារាំង (ត្រូវជាបងថ្លៃជនសង្ស័យ) រងរបួសក្បាលផ្នែកខាងក្រោយ។ ចំណែកស្ត្រីជាប្រពន្ធ ឈ្មោះអ៊ុង ទូច អាយុ៥៥ឆ្នាំ (ត្រូវជាបងស្រីបង្កើតជនសង្ស័យ) រងរបួសត្រង់ក្បាល។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនសង្ស័យ ជាមួយបងស្រីបង្កើតមានទំនាស់ពាក្យសម្តីគ្នារឿងដីធ្លីយ៉ាងខ្លាំង រហូតឈានដល់ប្រើហិង្សា ដោយជនសង្ស័យបានទាញយកបានពូថៅ កាប់ទៅលើបងថ្លៃ និងបងស្រីបង្កើតរបស់ខ្លួន បណ្តាលឱ្យរងរបួសត្រង់ក្បាល ទាំង២នាក់ប្តីប្រពន្ធ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិចេញមកជួយឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។
ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕