Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសកាប់ផ្ទះស្រីខ្ទេច ជាប់ខ្នោះ

ប្រុសកាប់ផ្ទះស្រីខ្ទេច ជាប់ខ្នោះ

ខេត្តកោះកុង ៖ បុរសម្នាក់ មិនដឹងជាមានជម្លោះ ឬបញ្ហាអ្វីជាមួយអ្នកជិតខាង ទើបចេះតែបង្ករឿងឈ្លោះប្រកែក និងអុកឡុកផ្ទះស្ត្រីម្នាក់ដែលរស់នៅជាប់គ្នា រហូតដល់ចុងក្រោយ បានប្រើកាំបិតប៉័ងតោ ចូលទៅកាប់បំផ្លាញផ្ទះរបស់គេ បណ្តាលឱ្យរងការខូចខាត រហូតដល់ស្ត្រីជាម្ចាស់ផ្ទះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ លុះក្រោយពីម្ចាស់ផ្ទះដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នាំយកមកសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទី សុខហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះឡោះ ម៉ាស់ភា អាយុ៣៥ឆ្នាំ មុខរបរកម្មការិនី មានលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ផ្ទះជិតខាងគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដងទង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះទី សុខហេង ដែលពាក់ព័ន្ធទៅនឹងករណីកាប់ទម្លុះទម្លាយផ្ទះរបស់ឈ្មោះឡោះ ម៉ាស់ភា កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES