Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសំណុំរឿងជួញកាំភ្លើងឆ្លងដែន សមត្ថកិច្ចចាប់វ៉ៃខ្នោះ ៧នាក់

បំបែកសំណុំរឿងជួញកាំភ្លើងឆ្លងដែន សមត្ថកិច្ចចាប់វ៉ៃខ្នោះ ៧នាក់

ខេត្តបាត់ដំបង ៖ ប្រតិបត្តិការស្រាវជ្រាវករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទឆ្លងដែនដោយខុសច្បាប់ ត្រូវបានបញ្ចប់ទាំងស្រុងហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្រោយពីកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង តាមចាប់ខ្លួនជនពាក់ព័ន្ធ សរុប៧នាក់ (ស្រី១) ដើម្បីកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

មន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ប្រាប់ថា កិច្ចប្រតិបត្តិការជំហានដំបូង នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្នាក់ការដោះដូរអីវ៉ាន់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះឆាន់ ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ

មុខរបរបើកបរ មានលំនៅ ភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប និងទី២-ឈ្មោះប៉ក់ ពៅ ហៅប៉យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ មានលំនៅ ភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ដោយដកហូតវត្ថុតាង រួមមាន រថយន្ត ចំនួន១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-4837 ជាមធ្យោបាយដឹកទំនិញ ផ្ញើចេញចូលទៅប្រទេសថៃ និងទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ និង ម៉ាក OPPO ពណ៌ខៀវ។

ប្រភពដដែល បន្តថា រហូតដល់នៅម៉ោង ៨ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះហឺ ឡៃហៀក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានលំនៅ ភូមិល្វា ឃុំល្វា ស្រុកបវេល និងដកហូតសម្ភារៈវត្ថុតាង រួមមាន រថយន្ត ចំនួន១គ្រឿង ម៉ាក Morning ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2D-0257 មធ្យោបាយសម្រាប់ដឹកទំនិញដែលផ្ញើពីស្រុកបវេល ទៅស្រុកកំរៀង និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ខៀវ។

ប្រភពខាងលើ បន្ថែមថា ដោយមានការសម្របសម្រួលពីលោកដួង សារ៉ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចលំនៅឋានរបស់ឈ្មោះហ៊ី ឡៃហៀក ស្ថិតក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនទៀត មាន រថយន្ត ១គ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0257 និងប័ណ្ណសម្គាល់យានយន្ត ១សន្លឹក។

លុះមកដល់វេលាម៉ោង ១២និង២៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិអូរដា ឃុំអូរដា ស្រុកកំរៀង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវើន វាសនា ហៅលុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក។ ក្នុងនោះដកហូតរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-6099 ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone ពណ៌ទឹកមាស និងចិញ្ចៀន ១វង់ ព្រមទាំងប្រាក់ថៃ ចំនួន៩ពាន់បាត។

បន្ទាប់មក នៅវេលាម៉ោង ១និង៣០នាទី ថ្ងៃដដែល នៅចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀត រួមមាន ១-ឈ្មោះសម្បត្តិ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបុរី មានលំនៅ ភូមិប្រឡាយលួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះសោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិតាដោក ឃុំឫស្សី ក្រោកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ និង៣-ឈ្មោះថន ម៉េងគង់ ហៅវីន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ត្រី មានលំនៅ ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ព្រមទាំងដកហូតវត្ថុតាង រួមមាន កាំភ្លើងខ្លី ចំនួន២ដើម ម៉ាក ROLO ពណ៌ទឹកប្រាក់ និងម៉ាក GLOCK ពណ៌ខ្មៅលេខ 2104859 គ្រាប់កាំភ្លើង GLOCK ចំនួន ២១គ្រាប់ និងបង់ចំនួន២ គ្រាប់កាំភ្លើង ROLO ចំនួន១៤គ្រាប់ គ្រាប់កាំភ្លើង AK47 ចំនួន១០០០គ្រាប់ សំបកគ្រាប់បែកចំនួន ៥០គ្រាប់ គីបគ្រាប់បែកច្រកក្នុងកំប៉ុង ចំនួន ៥កំប៉ុង ស្មើ៥០គីប និងនៅក្រៅកំប៉ុង ចំនួន១គីប សរុបចំនួន៥១គីប សំបកកេសដែក (បើករួច) គ្រាប់កាំភ្លើង AK47 ចំនួន៣កេស សំបកកេសស្នោ ចំនួន៥កេស និងទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ។

ជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីខាងលើទាំង៧នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តនីតិវិធី៕

RELATED ARTICLES