ភ្នំពេញ៖តារាទាំងឡាយនៅពេលដែលពួកគេរកបានសង្សារគឺគិតតែពីបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចជាដឹកដៃគ្នាទៅកម្សាន្ដនៅរម្យនីយដ្ឋានល្បីៗទាំងក្នុងនិងក្រៅស្រុក រួមទាំងការថតPre-Wedding ដើម្បីទុកតាំងរោងការជាដើម។ប៉ុន្ដែសម្រាប់ពេជ្រ សោភា ដែលបង្ហាញបែបលាក់លៀមរឿងគូស្នេហ៍ថ្មីតាំងពីដើមខែមករាឆ្នាំ២០២២ ពោលគឺពេលនេះមានរយៈពេល៤ខែជាងទៅហើយដែលស្នេហារបស់សោភា ហាក់គ្មានការវិវត្តន៍ទៅរកភាពកាន់តែល្អប្រសើរទាល់តែសោះ តែបែជាបាត់បង់ស្ទើតែទាំងស្រុងនូវភាពស្អិតល្មូតទៅវិញទើបធ្វើឲ្យស្រមោលដែលសោភា ដែលធ្លាប់ត្រូវបានគេលើកឡើងថានាងជោគជ័យតែការងារសិល្បៈ តែបរាជ័យរឿងស្នេហានោះហាក់តាមលងបន្លាចនាងសារជាថ្មី។សោភា បង្ហាញអារម្មណ៍មិនច្បាស់លាស់ដោយម្ដងថានាងមិនចង់រៀបការជាលើកទី២ ព្រោះធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ ពិពាហ៍ម្ដងរួចទៅហើយ និងពេលខ្លះនាងហាក់ចង់ឲ្យមានភាពច្បាស់លាស់តាមរយៈការដឹកដៃកំពូលស្នេហ៍រៀបការដូចគេទៅវិញ។

ថ្វីត្បិតែចំណងស្នេហាពេជ្រ សោភា មើលទៅដូចជាមិនទាន់ប្រាកដ១០០%ថានាងនិងគូស្នេហ៍ក្លាយទៅជាប្ដីប្រពន្ធគ្នានាពេលថ្ងៃអនាគតក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជននៅតែកោតសរសើរសោភា ថាជាមនុស្សស្រីដែលរឹងមាំម្នាក់ ហើយទោះជាមានរឿងរ៉ាវបោកបក់មកលើខ្លួនយ៉ាងណានាងនៅតែប្រឈមជានិច្ច។មិនត្រឹមតែប៉ុណ្ណោះសោភា ដែលធ្លាប់ចុះខ្សោយម្ដងរួចទៅហើយកាលពីឆ្នាំ២០១៤-២០១៥ នោះពេលនេះនាងនៅតែឈជើងនៅហង្សមាសយ៉ាងរឹងមាំក្នុងតំណែងជាតារាស្រីលំដាប់ឈានមុខគេដដែល ទើបគេជឿរជាក់ថាអ្វីដែលសោភា តាំងចិត្តថាស្នេហាមិនមែនជារឿងសំខាន់បំផុតក្នុងជីវិតនាងនោះគឺតារាស្រីរូបនេះពិតជាយកមកអនុវត្តន៍ក្នុងការរស់នៅប្រចាំថ្ងៃរបស់នាងមែន។

គេកត់សម្គាល់ថាតាំងពីពេជ្រ សោភា ផ្ដើមសញ្ញាស្នេហ៍ថ្មីជាមួយប្រុសរូបសង្ហារខ្ពស់ស្រឡះដែលនាងថាជាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងនោះ អ្នកដែលមិនហ៊ានទៅជិតនាងគឺលោកឆឹម សក្កដា ព្រោះតារាសម្ដែងរូបនេះថាការបង្ហាញការយកចិត្តទុកដាក់ឬស្និតស្នាលជាមួយសោភា ដូចមុនធ្វើឲ្យលោកក្លាយខ្លួនទៅបុរសម្នាក់ដែលតាមរំខានសេចក្ដីសុខរបស់គេតែម្ដង ហេតុនេះហើយលោកថាមានតែព្យាយាមនៅឲ្យឆ្ងាយបន្ដិចពីពួកគេ។តែលោកថាបើសិនជាលោកចង់បង្ហាញកាយវិការណាមួយដែលស្និតសោភា នោះលោកដាច់ខាតត្រូវតែសួរនាំសោភា ជាមុនសិនទើបអាចធ្វើបាន ព្រោះលោកមិនចង់ឲ្យអ្នកណាម្នាក់ទើសទាល់ដោយសារតែរូបលោកនោះទេ។

ពេជ្រ សោភា ដែលពេលនេះមានវ័យ៣៨ឆ្នាំទៅហើយនោះនាងនៅតែអុកឡុកក្នុងទីផ្សារសិល្បៈតាមរយៈការលេចមុខតាមឆាកតន្រ្ដីធំៗ និងស្ពតពាណិជ្ជកម្មទាំងឡាយជាមួយតម្លៃខ្លួននាងឈនៅលំដាប់តារាGrade A ។ទោះជាយ៉ាងណាតាំងពីផ្ទុះកូវីដមកសោភា មិនសូវមានបទផ្ទុះខ្លាំងដូចមុនឡើយ ខណៈដែលការខកខានក្នុងការចាប់ដៃគូជាមួយលោកឧកញ៉ាព្រាប សុវត្ថិ នៅGalaxy នោះធ្វើឲ្យសោភា បាត់បង់ឱកាសធំដោយសារតែនាងសុខចិត្តផ្ញើរខ្លួនជាមួយហង្សមាសតទៅទៀត។ចំណែកFan ទាំងឡាយរបស់សោភា ដែលចង់ឃើញនាងគ្រងឈុតកូនក្រមុំជាលើកទី២នោះប្រហែលជាមិនអាចដូចបំណងនោះទេ ដោយសារតែពេលនេះសោភា កុំថាឡើយរឿងរៀបការ ប៉ុន្ដែសូម្បីតែមុខសង្សារថ្មីក៍នាងមិនទាំងហ៊ានបង្ហាញផង។ការសាងស្នេហ៍បែបសោះកក្រោះរបស់សោភា នេះមានតារាតិចតួចណាស់ដែលដើរតាមផ្លូវនាង ប៉ុន្ដែគេអាចយល់អារម្មណ៍នាងថាអាចមកពីមិនទាន់មានភាពច្បាស់លាស់ ឬខ្លាចចំណងស្នេហាមានការប្រែប្រួលទើបសោភា សុខចិត្តសាងស្នេហ៍ដោយបិតមុខសង្សារអស់ជាង១២០ថ្ងៃបែបនេះ….៕

