ភ្នំពេញ៖តារាភេទទី៣អ្នកនាងវ៉ាន់ សំណាង ហៅផេន ខេក ដែលទើបតែលែងលះជាមួយប្ដីលោកលោកឈិន វីឆៃ កាលពីពេលថ្មីៗនេះព្រោះប្ដីទៅរកប្រុសផ្សេងនោះស្រាប់តែកាលពីថ្ងៃទី៩ខែឧសភា តារាទម្ងន់ដល់ទៅ១២៥គីឡូរូបនេះថាបច្ចុប្បន្នបំណុលសរុបដែលនាងមានត្រឹមតែ២ឆ្នាំនោះគឺចំនួនដល់ទៅ១៥ម៉ឺនដុល្លារឯណ្ណោះ។ផេន ខេក ថាទឹកលុយនេះគឺនាងបានបង្វិលលុយចុះឡើងៗដើម្បីសងបំណុលចាស់ទើបកើនដល់ថ្នាក់នេះហើយការចេញមុខប្រាប់ពីចំនួនលុយដែលនាងជំពាក់គេនៅពេលនេះគឺមិនមែននាងចង់សុំលុយពីអ្នកណា ឬក៍ចង់ឲ្យគេអាណិតនាងដែរ តែនាងត្រូវការកំលាំងចិត្តពីបងប្អូនហើយចង់ឲ្យអ្នកគាំទ្រនាងផ្ដល់ការងារសិល្បៈឲ្យនាងធ្វើដើម្បីឲ្យនាងបានលុយទៅសងគេគ្រប់គ្នាដែលនាងបានជំពាក់។តារាភេទទី៣វ័យ២៩ឆ្នាំរូបនេះបានឲ្យដឹងដែរថាចំពោះមូលហេតុដែលនាងជំពាក់គេច្រើនដល់ថ្នាក់នេះដោយសារតែកាលរដូវកូវីដកន្លងមកនាងរកប្រាក់ពីការងារសិល្បៈអត់បានដើម្បីបង់ការគេ ហេតុនេះហើយចេះតែដើខ្ចីបុលគេពី១ទៅ១រហូតចុងក្រោយរើខ្លួនលែងរួចតែម្ដង។

សូមបញ្ជាក់ថាមុនផេន ខេក ព្រមទម្លាយរឿងបំណុលនាងកើនរហូតដល់ទៅ១៥ម៉ឺនដុល្លារនេះនាងត្រូវបានតារាសម្ដែងចោម ច័ន្ទ ប្រកាសទារលុយដែលនាងជំពាក់ចំនួនជាង២ម៉ឺនដុល្លារដែលបានខ្ចីតាំងពីខែកុម្ភៈឆ្នាំ២០២១ ផងដែរ ដោយម្ចាស់បំណុលរូបនេះថែមទាំងក្ដៅក្រហាយនិងថាផេន ខេក ហាក់មិនមានទំនួលខុសត្រូវនោះទេ ព្រោះថាសងនាងវិញក្រោយរៀបការកន្លះខែ តែឥឡូវឆាតទៅសួរនាំរឿងលុយកាក់បែជាតារាភេទទី៣មិនឆ្លើយតបទៅវិញ ខណៈដែលទឹកលុយនោះនាងបានខ្ចីគេយកមកឲ្យនាងដែរ។

គូរំលឹកថាអ្នកនាងវ៉ាន់ សំណាង ហៅផេន ខេក បានដឹកដៃលោកឈិន វិឆៃ រៀបការកាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ តែចំណងស្នេហាភេទដូចគ្នានេះមានរយៈពេលខ្លីពួកគេក៍បានចែកផ្លូវគ្នាដោយតាមព័តមានថាលោកវិឆៃ ងាកទៅបង្កាត់ភ្លើងស្នេហាជាមួយប្រុសផ្សេងទៅវិញទើបធ្វើឲ្យផេន ខេក ចុកឈាមជាមួយបំណុលជុំទិស។ការទម្លាយរឿងខ្លួនជំពាក់គេដល់ទៅ១៥ម៉ឺនដុល្លាររបស់ផេន ខេក នៅពេលនេះ ក្រោយពីកាលពីខែតុលាឆ្នាំ២០២១ អតីតតារាកំប្លែងCtn អ្នកនាងខ្ញុង បានLive វីដេអូនៅមុខសាលាដំបូងភ្នំពេញទាំងទឹកភ្នែកថានាងជំពាក់បំណុលគេចំនួន៣០នាក់ដល់ទៅ៥៧២០០០ដុល្លារ ដែលកាលនោះខ្ញុង អនុវត្តិ៍តាមផែនការណ៍លោកគ្រូជោគជ័យសៀវ សុផល តាមរយៈការ”ប្ដឹងខ្លួនឯង”ដោយសុំលុយពីទស្សនិកជនឲ្យបាញ់លុយតាមកុងធនាគារ។ប៉ុន្ដែសម្រាប់ផែន ខេក ពេលនេះនាងថាការចេញមុខមកប្រាប់ពីចំនួនទឹកលុយដែលនាងជំពាក់គេនេះ នាងគ្មានចេតនាសុំលុយពីមហាជននោះទេ គឺសូមឲ្យតែគេផ្ដល់ការងារឲ្យនាងធ្វើដើម្បីបានលុយទៅដោះបំណុលប៉ុណ្ណោះ៕


