ភ្នំពេញ ៖ ស្ត្រីម្នាក់ រកស៊ីក្ស័យធន ចំណែកប្តីក៏លែងខ្វាយខ្វល់ ហើយថែមទាំងប្តឹងប្រពន្ធពីបទរំលោភសេចក្តីទុកចិត្តទៀត រហូតតុលាការកាត់ឱ្យប្រពន្ធចាញ់ក្តី ធ្វើឱ្យស្ត្រីជាប្រពន្ធឈឺចិត្តស្អិតទ្រូង សុញគំនិត គិតអ្វីមិនចេញ ក៏សម្រេចដឹកកូនស្រីភ្លោះ ឡើងជិះរថយន្តពីខេត្ត សៀមរាប មកដល់ភ្នំពេញ បំណងលោតទឹកស្ពានជ្រោយចង្វា ទាំងម្តាយនិងកូន ដើម្បីបញ្ចប់បញ្ហា។

ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់មានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិចិន ម្នាក់ រស់នៅជាមួយគ្នាជាប្តីប្រពន្ធ អស់រយៈពេល៧ឆ្នាំ រហូតបានកូនស្រីចំនួន ២នាក់ ជាកូនភ្លោះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ការរកស៊ីរបស់ពួកគាត់មានការធ្លាក់ចុះ ចំណែកប្តីរបស់គាត់ក៏លែងខ្វាយខ្វល់ពីគាត់ និងមកជម្រិតទារលុយពីគាត់ចំនួន ៥ម៉ឺនដុល្លារ តែគាត់គ្មានប្រាក់ឱ្យនោះទេ ក៏ត្រូវប្តីគំរាមប្តឹងពីបទរំលោភសេចក្តីទុកចិត្ត។

ស្ត្រីរងគ្រោះ បន្តថា អស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដែលគាត់បានប្តឹងផ្តល់ជាមួយប្តីជាជនជាតិចិន ដើម្បីការពារទ្រព្យសម្បត្តិមួយចំនួន ដែលគាត់ខំរកដោយកម្លាំងញើសឈាម នៅពេលថ្មីៗនេះ តុលាការខេត្តសៀមរាប បានកាត់ក្តីឱ្យគាត់ចាញ់ ហើយទ្រព្យសម្បត្តិមួយចំនួន ធំ ត្រូវបានទៅខាងប្តី ធ្វើឱ្យគាត់បាត់បង់ទំនុកចិត្ត និងអស់កម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខទៀត។

តាមប្រភព ដដែល បានបន្តទៀតថា នៅយប់កើតហេតុនោះ គាត់គិតអ្វីមិនចេញ ក៏សម្រេចចិត្តដឹកដៃកូនស្រីភ្លោះទាំងពីរ ឡើងមកភ្នំពេញ ទៅលេងផ្ទះសាច់ញាតិ ខណៈមកដល់ស្ពានជ្រោយចង្វា ក៏មានគំនិតចង់បញ្ចប់ជីវិត ទើបគាត់ចុះដើរ ហើយដឹកដៃកូនស្រីទាំងពីរ ឡើងស្ពានជ្រោយចង្វា ប៉ុនប៉ងបញ្ចប់ជីវិត តែកូនស្រីទាំងពីររបស់

គាត់មិនហ៊ានលោតទឹក នៅស្ទាក់ស្ទើរ រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកឃាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចឃាត់ និងនាំទៅដល់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា និយាយអប់រំណែនាំ និងលើកទឹកចិត្តមួយសន្ទុះក្រោយ ក៏មានបុរសម្នាក់ ត្រូវជាបងប្រុសបង្កើតរបស់ស្ត្រីខាងលើ បានមកទទួលយកគាត់និងកូន ត្រឡប់ទៅផ្ទះនៅច្បារអំពៅ ដោយ សុវត្ថិភាព៕