ភ្នំពេញ ៖ នារីរូបស្រស់ចំនួន ២នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីសឺរ ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចក៏បានរេចង្កូតទៅបុករះដើមឈើ ១ដើម បាក់រាបដល់ដី រួចហើយបន្តទៅបុកកន្លែងលក់បន្លែ និងលក់គុយទាវ បណ្តាលឱ្យក្មេងប្រុសម្នាក់រងរបួស ដោយរលាកទឹកស៊ុប និងធ្វើឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងត្បូងស្តុកអាងទឹកប្រហែល៥០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីសឺរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-6686 ធ្វើ

ដំណើរពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកដើមឈើមួយដើម បណ្តាលឱ្យបាក់រាបដល់ដី រួចបន្តទៅបុកកន្លែងលក់បន្លែ និងកន្លែងលក់គុយទាវ

រងខូចខាតសម្ភារលក់ដូរខ្ទាតរាយប៉ាយពេញផ្លូវ និងធ្វើឱ្យក្មេងប្រុសម្នាក់រងរបួសដោយសារខ្ទាតទឹកស៊ុបរលាកទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ ដោយភាគីបង្កហេតុ សុំធ្វើការសម្រុះសម្រួលគ្នាជាមួយខាងភាគីលក់បន្លែ និងលក់គុយទាវ ព្រមទាំងតំណាងក្មេងរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ប៉ុន្តែនៅឡើយដើមឈើដែលជាសម្បត្តិរដ្ឋ ទើប សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង អូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្តតាមច្បាប់៕