Monday, June 23, 2025
Homeសង្គម និងជីវិតឧកញ៉ាឫទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ទទួលមរណភាព

ឧកញ៉ាឫទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ទទួលមរណភាព

ភ្នំពេញ ៖ លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ ភ្នំពេញក្រោន (ក្រុមជើងឯកលីគកំពូលកម្ពុជា ៧សម័យ) បានទទួលមរណភាព កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៤១ឆ្នាំ ដោយរោគាពាធ និងបានបន្សល់នូវការស្តាយស្រណោះជាខ្លាំងពីគ្រួសារបាល់ទាត់ជាតិ។

ដំណឹងមរណភាពរបស់លោកឧកញ៉ា ឫទ្ធី សំណាង បានធ្វើឱ្យមហាគ្រួសារកីឡាជាតិ ពិសេសអ្នកគាំទ្រនិងអ្នកពាក់ព័ន្ធវិស័យកីឡាបាល់ទាត់ បានសម្តែងនូវការភ្ញាក់ផ្អើល និងមានការស្តាយស្រណោះអាឡោះអាល័យជាខ្លាំង ចំពោះការបាត់បង់នូវឥស្សរជនមួយរូប ដែលតែងតែជួយសង្គមជាតិ ពិសេសវិស័យកីឡាបាល់ទាត់ជាតិ ដ្បិតលោកបានលះបង់ជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា នាពេលកន្លងមក។

យោងតាមការជូនដំណឹងរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ក្រុមការងារ គ្រូបង្វឹក បុគ្គលិក ក៏ដូចជាកីឡាករ កីឡាការិនីទាំងអស់ នៃក្លឹបបាល់ទាត់ ភ្នំពេញក្រោន មានក្តីសោកសង្រេងព្រមទាំងក្តីសោកស្តាយជាខ្លាំង ចំពោះមរណភាពរបស់លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្ម នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យបំផុតជាមួយលោកជំទាវ ភូ ឈាលីន និងក្រុមគ្រួសារនៃសព ដែលបានបាត់បង់ស្វាមី កូនប្រុស កូនប្រសា និងឪពុកដែលជាទីគោរពស្រលាញ់បំផុត។ សម្រាប់គ្រប់ៗគ្នានៅក្លឹប ភ្នំពេញក្រោន មរណភាពរបស់លោកឧកញ៉ា ឫទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ ព្រមទាំងភាពជាអ្នកដឹកនាំដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន ចំពោះសង្គមជាតិ ជាពិសេសការរួមចំណែកកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ ក្នុងវិស័យកីឡាបាល់ទាត់ជាតិ វិស័យអប់រំ និងមនុស្សធម៌ ជាដើម ដែលលោកឧកញ៉ាតែងតែងចូលរួមយ៉ាងសកម្មនាពេលកន្លងមក។

អស់រយៈកាលជាង ១០ឆ្នាំ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ឫទ្ធី សំណាង ភ្នំពេញក្រោនបានក្លាយជាគ្រួសារមួយរបស់លោក ហើយលោកតែងតែទូន្មាន និងចង្អុលបង្ហាញនូវមាគ៌ាល្អៗដល់យើងទាំងអស់គ្នា ជាមួយនិងទស្សនាទាន ៖ “យើងជាគ្រួសារតែមួយដែលមានគោល ដៅដូចគ្នា ឆន្ទៈដូចគ្នា ហើយត្រូវតែរួមចិត្ត រួមកម្លាំងគ្នាដើម្បីឈានទៅសម្រេចគោលដៅដែលយើងប្រាថ្នាចង់បាន”។ ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាថែរក្សានូវទស្សនវិស័យ និងបន្តវីរភាពដែលលោកឧកញ៉ា ឫទ្ធី សំណាង សម្រេចបានចំពោះក្លឹបបាល់ទាត់ ភ្នំពេញក្រោន ជាទីដែលលោកបានចំណាយនូវកម្លាំងកាយចិត្ត រួមទាំងធនធានជាច្រើន ដើម្បីកសាងជាប្រយោជន៍សម្រាប់វិស័យបាល់ទាត់ និងជាពិសេស សម្រាប់អ្នកគាំទ្រក្លឹបភ្នំពេញក្រោន ជាទីស្រលាញ់របស់លោក…”។

ដោយឡែក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន រូបនេះដែរ ដោយបានលើកឡើងថា “សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយបំផុតជាមួយដំណឹងមរណភាពរបស់លោកឧកញ៉ា ឫទ្ធី សំណាង ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានក្លឹបបាល់ទាត់ ភ្នំពេញក្រោន ដែលបានទទួលអនិច្ចកម្ម នាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ។

ការបាត់បង់លោកឧកញ៉ា ឫទ្ធី សំណាង គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលតែងតែចូលរួមក្នុងសកម្មភាពនៃការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា នាពេលកន្លងមក ជាមួយនឹងស្នាដៃ និងការលះបង់ដ៏ធំធេង។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកឧកញ៉ា ឫទ្ធី សំណាង សូមបានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ…”៕

RELATED ARTICLES