ភ្នំពេញ ៈ យុវជនម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅរកសេវាផ្លូវភេទនៅម្តុំវត្តភ្នំ រួចក៏ទាក់ទងចរចាជាមួយនឹងនារីរកស៊ីផ្លូវភេទម្នាក់ ត្រូវរ៉ូវគ្នា ក៏ដឹកដៃគ្នាឡើងផ្ទះសំណាក់ ដើម្បីរួមភេទ ស្រាប់តែមិនទាន់បានអីផង ខាងស្រីបានរត់ចុះមកខាងក្រោម ស្រែកឆោឡោថា ខាងប្រុស ចង់សម្លាប់នាង តែខាងប្រុសចោទថា ខាងស្រីចង់ស៊ីដាច់ម៉ូតូ ស្រាប់តែរំពេចនោះ លេចមុខបុរស ១ក្រុម ព្រួតវាយទៅលើបុរសខាងលើ បណ្តាលឱ្យរងរបួសជាំពេញខ្លួន ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្ទះសំណាក់ បេ៩ មានទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យុវជនដែលអះអាងថា ត្រូវបាននារីរកស៊ីផ្លូវភេទប៉ុនប៉ងស៊ីដាច់ម៉ូតូ និងត្រូវបក្ខពួករបស់នាងព្រួតវ៉ៃទៀតនោះ មានឈ្មោះលាវ បុរី អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅម្តុំសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមសម្តីយុវជនខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មានថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ ១គ្រឿង ទៅរកសេវាផ្លូវភេទនៅម្តុំវត្តភ្នំ រួចក៏បានជួបនារីម្នាក់ នៅម្តុំមាត់ទន្លេ ខាងមុខរមណីយដ្ឋានវត្តភ្នំ

ហើយក៏ចរចាគ្នាក្នុងតម្លៃ ៦ម៉ឺនរៀល។ លុះពេលត្រូវរ៉ូវគ្នា ហើយ នារីរកស៊ីផ្លូវភេទរូបនោះ ក៏ប្រាប់ឱ្យខ្លួនដឹកនាងទៅដេកនៅផ្ទះសំណាក់មួយកន្លែង នៅម្តុំមុខវិហារអ៊ិស្លាម បឹងកក់ (ទីតាំងកើតហេតុខាងលើ)។

យុវជនរូបនេះ បានបន្តថា ពេលឡើងទៅដល់បន្ទប់ នារីនោះបានទារលុយមុន ហើយខ្លួនក៏យល់ព្រមឱ្យដែរ បន្ទាប់មក ខ្លួនក៏បានចូលបន្ទប់ទឹកមួយភ្លែត ស្រាប់តែនារីរូបនោះ ទាញសោម៉ូតូរបស់ខ្លួន បម្រុងរត់ចុះមកក្រោម

តែខ្លួនបានដឹង ក៏ស្ទុះមកប្រតាយប្រតប់ដណ្តើមសោម៉ូតូវិញ ស្រាប់តែនារីរូបនោះស្រែកថា គេចង់សម្លាប់ខ្លួន ហើយក៏ស្រាប់តែមានបុរស ៣-៤នាក់ មកដល់បន្ទប់ ព្រួតគ្នាវាយមកលើខ្លួន និងប្រើកាំបិតចាក់ថែមទៀត រួចគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ មានស្ត្រីម្នាក់ចេញមកអះអាងថា គាត់ជាយាយរបស់នារីបំរើផ្លូវភេទរូបនោះ និងបានប្រាប់សមត្ថកិច្ចថា យុវជនខាងលើ បានប្រើខ្នើយយកមកខ្ទប់មុខ និងប្រើខ្សែរឹតកនារីរកស៊ីផ្លូវភេទ ដែលជាចៅរបស់គាត់ទៀតផង រហូតពេលនេះ នាងសន្លប់ ចូលមន្ទីរពេទ្យហើយ។

ក្រោយកើតហេតុ ភាគីទាំង២ សុទ្ធតែអះអាងថាជាជនរងគ្រោះដូចគ្នា ទើបយុវជនដែលត្រូវគេព្រួតវាយ និងសំណាងមិនបាត់ម៉ូតូនោះ បានបបួលស្ត្រីដែលអះអាងថាជាយាយរបស់នារីរកស៊ីផ្លូវភេទរូបនោះទៅប៉ុស្តិ៍ទាំងអស់គ្នា តែស្ត្រីរូបនោះមិនព្រម ដោយសំអាងថា ចៅស្រីគាត់នៅឯមន្ទីរពេទ្យ មិនអាចមកដាក់ពាក្យបណ្តឹងបានទេ។

យុវជនខាងលើបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្រះចក ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ក្រុមដែលវាយនិងចាក់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕