Thursday, April 25, 2024
Homeសន្ដិសុខសង្គមកាន់ញញួរបបួលវ៉ៃគ្នា គេសំពង១ដំបងស្លាប់

កាន់ញញួរបបួលវ៉ៃគ្នា គេសំពង១ដំបងស្លាប់

ខេត្តស្ទឹងត្រែង ៖ យុវជនមួយក្រុម បានជួបជុំគ្នាផឹកស៊ីនៅក្នុងកម្មវិធីមួយក្នុងភូមិ លុះក្រោយពីផឹកស្រវឹងជោក ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ដោយភាគីម្ខាងមានកាន់ញញួរនៅក្នុងដៃផង បានដើរទៅរករឿង និងបបួលយុវជនម្នាក់ទៀតវាយគ្នា ស្រាប់តែរំពេចនោះ យុវជនជាគូទំនាស់ បានស្ទុះទាញដំបងឈើជ្រុង សំពងបណ្តាលឱ្យយុវជនដែលបបួលគេវាយ រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែអកុសល រំលងបានតែ១ថ្ងៃ ក៏បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន បញ្ជូនទៅចាត់ការតាមច្បាប់។ 

ករណីឃាតកម្មខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិដនឡូង (ត្រើយខាងកើតទន្លេសេកុង) ឋិតក្នុងឃុំសេកុង ស្រុកសៀមប៉ាង។ លុះមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះ បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យ។

ជនសង្ស័យដែលវាយគូទំនាស់បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះដន ស៊ីន ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះដាំ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិដនឡូង (ត្រើយខាងកើតទន្លេសេកុង) ស្ថិតក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់មួយ បានកើតឡើងដោយជនសង្ស័យឈ្មោះដន ស៊ីន បានយកដំបងឈើបួនជ្រុង ប្រវែង០,៦០ម៉ែត្រ វាយទៅលើជនរងគ្រោះ ឈ្មោះដាំ វណ្ណា បណ្តាលឱ្យរងរបួសធ្ងន់។

ប្រភពដដែល បន្តថា មូលហេតុ គឺបណ្តាលមកពីផឹកស្រាស្រវឹង ហើយជនរងគ្រោះចេះតែរករឿងបបួលជនសង្ស័យវាយគ្នា នៅក្នុងកម្មវិធីមួយក្នុងភូមិ។ ពេលកើតហេតុ ជនរងគ្រោះ មានកាន់ញញួរក្នុងដៃ រួចបានដើររករឿងជនសង្ស័យ លុះពេលឈ្លោះប្រកែក និងវាយគ្នា ជនសង្ស័យក៏បានទាញយកដំបងឈើបួនជ្រុង វាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ពោលគឺរំលងបាន ១ថ្ងៃ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ខណៈដែលមានអំពើហិង្សាវាយគ្នា ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់រហូតស្លាប់នោះ សមត្ថកិច្ចស្រុកសៀមប៉ាង ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ និងបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរ។

បន្ទាប់មក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចព្រហ្មទណ្ឌខេត្ត ក៏សម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES