Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រុស២នាក់បាត់ខ្លួន ឪសង្ស័យគេចាប់ដាក់ឡាន

កូនប្រុស២នាក់បាត់ខ្លួន ឪសង្ស័យគេចាប់ដាក់ឡាន

ខេត្តសៀមរាប ៖ ក្មេងប្រុសជាសិស្សសាលា ចំនួន២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានជិះកង់ដឹកគ្នាទៅសាលារៀន រួចបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញសោះ លុះឪពុកតាមរកដល់សាលារៀន ក៏ត្រូវបានគ្រូប្រាប់ថា មិនឃើញកូនមករៀននោះទេ ជាហេតុធ្វើឱ្យក្រុមគ្រួសារ មានការឆោឡោ ចេញតាមរក និងសួរនាំគេឯង ក៏មានគេប្រាប់ថា ឃើញកូនប្រុសទាំង ២នាក់ ត្រូវគេចាប់ដាក់ចូលរថយន្ត ១គ្រឿង ជាហេតុធ្វើឱ្យក្រុមគ្រួសារកាន់តែភ័យស្លន់ស្លោ ដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីបុរសម្នាក់ ដោយប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចឱ្យជួយតាមរកកូនប្រុសរបស់គាត់ចំនួន២នាក់ ដែល បានជិះកង់ទៅសាលាបឋមសិក្សាធ្លកអណ្តូង ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប រួចក៏បាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញសោះ។

របាយការណ៍បន្តថា តាមការបំភ្លឺពីឈ្មោះភាច ហុន អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីរាជការស៊ីវិល រស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង បានឱ្យដឹងថា រូបគាត់បានបាត់កូនចំនួន ២នាក់ ប្រុសទាំង ២នាក់ ទី១-ឈ្មោះហុន គីមហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រៀននៅសាលាអនុវិទ្យាលយធ្លកអណ្តូង និងទី២-ឈ្មោះហុន វិសាល ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស រៀននៅសាលាបឋមសិក្សាធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បុរសជាឪពុកក្មេងប្រុសទាំង២នាក់ដែលបាត់ខ្លួន បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កូនរបស់គាត់ទាំង២នាក់ បានជិះកង់ប្រភេទកង់ខ្មែរ ពណ៌ស បានដឹកគ្នាសំដៅទៅរៀននៅសាលាបឋមសិក្សធ្លកអណ្តូង ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ លុះដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមិនឃើញកូនៗត្រឡប់មកផ្ទះវិញ ទើបរូបគាត់ជាឪពុក បានជិះម៉ូតូទៅតាមរកនៅសាលារៀន ហើយបានទៅជួបនាយកសាលាសួររកឈ្មោះកូនរបស់គាត់ដែលបានមករៀន តាំងពីព្រឹក មិនឃើញទៅដល់ផ្ទះសោះ ប៉ុន្តែលោកនាយកសាលា បានឆ្លើយថា មិនឃើញក្មេងទាំង២ មករៀន តាំងពីព្រឹកម៉្លេះ។ ក្រោយមករូបគាត់បានជិះម៉ូតូតាមរកសួរបងនិងប្អូន នៅតែមិនឃើញ សួរតាមមិត្តភក្តិរបស់កូនគាត់ ក៏រកមិនឃើញ។ លុះដល់ម៉ោង ៣រសៀល ថ្ងៃដដែល គាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម។ ក្រោយមក នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល ក៏បន្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកកូនប្រុសទាំង២នាក់របស់គាត់។

បុរសជាឪពុក បន្តថា កាលមុន គាត់មានផ្ទះនៅភូមិធ្លកអណ្តូង ហើយកូនទាំង២នាក់របស់គាត់រៀននៅសាលាធ្លកអណ្តូង ក្រោយមក គាត់ផ្លាស់មករស់នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ប៉ុន្តែមិនបានប្តូរសាលាកូនរៀននោះទេ ពោលគឺកូនទាំងពីរនាក់ ត្រូវជិះកង់ ពីភូមិល្អក់ ទៅរៀននៅសាលាធ្លកអណ្តូង។

ជាមួយនេះ បុរសជាឪពុកខាងលើ បានបង្ហើបប្រាប់ថា ពេលដើរសួរគេឯងតាមផ្លូវ ក៏មានគេប្រាប់ថា ឃើញមានគេចាប់ក្មេង២នាក់ ដាក់ចូលរថយន្ត ទើបគាត់សង្ស័យថា កូនគាត់ទាំង២នាក់ អាចមានគេចាប់ដាក់ឡាន ហើយការបាត់នេះ សង្ស័យនៅម្តុំក្រោយបុរីទេសចរណ៍ ព្រោះតំបន់នោះស្ងាត់។

ទោះជាយ៉ាងណា ករណីបាត់ក្មេងទាំង២នាក់ខាងលើនេះ សមត្ថកិច្ចខេត្តសៀមរាប បាននិងកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES