Friday, April 26, 2024
Homeសន្ដិសុខសង្គមជាងម៉ូតូ កាប់ជាងកាត់សក់២កាំបិត ដាច់ដៃ

ជាងម៉ូតូ កាប់ជាងកាត់សក់២កាំបិត ដាច់ដៃ

ភ្នំពេញ ៖ បុរសជាជាងម៉ូតូម្នាក់ ក្រោយពីផឹកស៊ីស្រវឹង នឹកឃើញគំនុំចាស់ ធ្លាប់ត្រូវបានយុវជនជាជាងកាត់សក់ ឧស្សាហ៍និយាយឌឺដងដាក់ខ្លួន ក៏ទាញកាំបិតផ្គាក់ស្ទុះចូលទៅកាប់យុវជនជាជាងកាត់សក់ ដែលរស់នៅក្បែរខាងគ្នា ចំនួន២កាំបិត បណ្តាលឱ្យដាច់រយះប្រអប់ដៃ និងដាច់ម្រាមកូនដៃ រងរបួសយ៉ាងធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ២២៣ ផ្លូវលេខ៥ ក្រុមទី៣ ស្ថិតក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ជនដៃដល់ដែលកាប់គូទំនាស់ដាច់ដៃ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជី ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅ ផ្ទះលេខ 221E ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ក្បែរកន្លែងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសៀ ផានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតក្នុងភូមិគោហេ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល (រងរបួសរយះប្រអប់ដៃ និងដាច់ម្រាមកូនដៃ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់បាននាំគ្នាផឹកស្រាស្រវឹង ហើយក៏បានផ្ទុះកំហឹង ខឹងជនរងគ្រោះជាអ្នកជិតខាង ដែលធ្លាប់បាននិយាយឌឺដងដាក់ខ្លួនកាលពីកន្លងមក ក៏បានស្ទុះទៅយកកាំបិតផ្គាក់ មកកាប់ទៅលើជនរងគ្រោះទាំងកំរោល ចំនួន ២កាំបិតផ្គាក់ ដោយត្រូវចំប្រអប់ដៃស្តាំ និងដាច់ម្រាមកូនដៃខាងស្តាំ រងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានដែលកំពុងជិះល្បាត បានប្រទះឃើញ ក៏ចូលអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនដៃដល់ និងបានដកហូតកាំបិតផ្គាក់ រួចបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់។

ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ៕

RELATED ARTICLES