Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាត់តវីដេអូបាញ់សម្លាប់មនុស្ស ប៉ូលិសហៅចូលប៉ុស្តិ៍

កាត់តវីដេអូបាញ់សម្លាប់មនុស្ស ប៉ូលិសហៅចូលប៉ុស្តិ៍

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឱ្យស្រាវជ្រាវជាបន្ទាន់ចំពោះបុគ្គលម្នាក់ដែលបង្ហោះចែកចាយវីដេអូ បង្ហាញពីសកម្មភាពជម្លោះពាក្យសម្តី តែបែរជាកាត់ត បញ្ចូលសំឡេងផ្ទុះអាវុធសម្លាប់មនុស្ស នៅម្តុំតោពីរ បង្កឱ្យមានការភ្ញាក់ផ្អើល និងចែករំលែកព័ត៌មានមិនពិត បំពុលសង្គម នាំឱ្យមហាជនមានការយល់ច្រឡំ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ការបង្ហោះឬចែកចាយព័ត៌មានមិនពិត បំពុលសង្គម តាមបណ្តាញសង្គមនានា គឺជាអំពើខុសច្បាប់។ ជាឧទាហរណ៍ជាក់ស្តែង ម្ចាស់គណនី Tik Tok ឈ្មោះ Daro No Name ដែលបានបង្ហោះវីដេអូករណីជម្លោះរវាងជនបរទេសមួយក្រុម នៅមុខភោជនីយដ្ឋាន ម៉ីម៉ី ដោយកាត់បញ្ចូលសំឡេងវីដេអូ ពីករណីឃាតកម្មនៅរង្វង់មូលតោពីរ ដែលទើបកើតហេតុនាពេលថ្មីៗកន្លងមកនេះ ដែលធ្វើឱ្យមហាជននៅលើបណ្តាញសង្គម មានការយល់ច្រឡំ ត្រូវបានសមត្ថកិច្ចជំនាញ ហៅមកសាកសួរ អប់រំ និងបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់អំពើទាំងនេះតទៅទៀត ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញស្រាវជ្រាវភ្លាមៗ ជាលទ្ធផល បានឱ្យដឹងថា ម្ចាស់គណនី Tik Tok ខាងលើ មានឈ្មោះពិត ហៀប ដារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ សាមីខ្លួនបានថតករណីខាងលើ ជាជម្លោះរវាងជនជាតិកូរ៉េ និងជនជាតិខ្មែរ ដែលកើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីថតរួច គាត់ក៏បានបង្ហោះនៅលើគណនី Tik Tok របស់គាត់ ដោយកាត់តបញ្ចូលសំឡេងពីវីដេអូមួយទៀត។ ការបង្ហោះនេះគាត់គ្រាន់តែបង្ហោះកម្សាន្តអារម្មណ៍ និងគ្មានបុគ្គលណាម្នាក់បញ្ជា ឬជំរុញពីក្រោយឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បុគ្គលខាងលើ គ្រាន់តែបង្ហោះទាក់ទាញចំណាប់អារម្មណ៍ ចង់បាន Like និង Share ពីមហាជនក្នុងបណ្តាញសង្គម គ្មានបំណងបង្កចលាចល ឬពាក់ព័ន្ធនឹងនយោបាយឡើយ។

ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំរួចមក បុគ្គលខាងលើបានយល់ដឹង និងទទួលស្គាល់ពីកំហុសរបស់ខ្លួន រួចក៏បានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ព្រមទាំងសុំទោសជាសាធារណៈ ចំពោះសមត្ថកិច្ច និងមហាជនទៀតផង។ បន្ទាប់មកត្រូវបានសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES