ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ត្រូវបានគេមើលឃើញថាសន្ទុះរបស់លោកមិនសូវលេចធ្លោខ្លាំងដូចកាលនៅថោន នោះទេក្រោយឈជើងនៅGalaxy រយៈពេលជាង១ឆ្នាំនេះដែលការនៅទ្រឹងរបស់លោកសុណារិន នៅពេលនេះត្រូវបានគេមើលឃើញថានោះមកពីឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលគ្របពីលើទើបខេម ងើមមិនរួចរហូតមានដំណឹងថាតារាសំនៀងស្អករូបនេះមិនសូវសប្បាយចិត្តទៀតផង។តែខេម ធ្លាប់បានប្រាប់ថាលោកមិនដែលចាត់ទុកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកម្ដងណាឡើយ។

យ៉ាងណាចាប់ពីពេលនេះតទៅលោកខេម ត្រូវបានគេសន្និដ្ឋានថាលោកមានសង្ឃឹមសារជាថ្មីឡើងវិញជាមិនខានព្រោះក្រោយកំពូលតារាចម្រៀងព្រាប សុវត្ថិ ឡើងជាឧកញ៉ាលោកត្រូវបានព្យាករណ៍ថានឹងមិនសម្រុកទីផ្សារចម្រៀងដូចមុនទៀតទេ ពោលគឺនឹងរវល់វក់វីគិតគូរឿងលក់ដីឡូតិ៍ច្រើនជាងច្រៀងរាំ។ការបន្ធូដៃរបស់លោកស្នាយ នៅពេលនេះអាចធ្វើឲ្យលោកខេម មានឱកាសចាប់ដៃជាមួយស្រីស្រស់តន់ ច័ន្ទសីម៉ា ដូចដើមដែលពេលនោះទីផ្សារចម្រៀងរបស់លោកនឹងចាប់ផ្ដើមប្រែប្រួលជាថ្មី។

ទោះជាលោកខេម មិនទាន់អាចធ្វើព្យុះភ្លៀងនៅGalaxy ក្ដីតែចំណងស្នេហាលោកជាមួយស្រីស្អាតអាណិកជនខ្មែរមកពីបារាំងអ្នកនាងស្រីកា កាន់តែមានភាពស្អិតល្មូតជាងមុនព្រោះថាលោកខេម ទៅណាមកណាហ៊ានយកភរិយាទៅជាមួយដូចគូស្នេហ៍តារាដ៍ទៃទៀតដែរ។លោកសុណារិន ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាលោកអាចនឹងគិតគូរឿងរៀបការជាមួយគូស្នេហ៍នាពេលខាងមុខព្រោះចិត្តលោកក៍ចង់បានកូនចៅដូចគេដែរ។ការថ្លែងបែបនេះរបស់លោកខេម ក្រោយពីមានការសង្ស័យថាម្ចាស់បទ”ដួលកង់”រូបនេះមានកូន២នាក់ទៅហើយ ។តែខេម បានប្រកែកនិងអះអាងថាក្មេងទាំងពីរនាក់នោះ១ជាកូនមេលោក និង១ទៀតជាក្មួយស្រីលោក។

អ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាបើខេម នៅតែមិនទាន់លេចធ្លោខ្លាំងដូចមុន ក៍តំណែងរបស់លោកនៅGalaxy គ្មានអ្នកណាផ្ដួលបានឡើយ ព្រោះខេម ច្រៀងស្អកតែពិរោះ ហេតុនេះហើយគេនៅតែត្រូវការលោកសុណារិន ៕

