ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបើកពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពត។ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងដើម្បី លើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណីអាហារនៅកម្ពុជា ព្រមទាំងជួយជម្រុញអោយមានការសិក្សា និងបង្កើតការងារបន្ថែមដល់ប្រទេសកម្ពុជា។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២២ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុនស៊ី.ភី ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ដំបូងគេក្នុងប្រទេសកម្ពុជា ពិធីបើកសម្ពោធនេះមានការ អញ្ជើញចូលរួមពីឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ស៊ី.ភីដែលដឹកនាំដោយលោក Preeda Chunwong អនុប្រធានក្រុមប្រឹក្សាភិបាល លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតនិងគណៈប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗជាង ១០០០ នាក់ទៀតដែលបានចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការនៃរោងចក្រផលិតចំណីអាហារ នៅក្នុងខេត្តកំពតនេះ។
ដោយសារសន្ទុះនៃកំណើនប្រជាជន ស្របគ្នានឹងកំណើនសេដ្ឋកិច្ចមានការលូតលាស់យ៉ាងឆាប់រហ័ស បានធ្វើឲ្យតម្រូវការចំណីអាហារ នាពេលបច្ចុប្បន្ននេះមានការកើនឡើងខ្ពស់។ ដូច្នេះដើម្បីឆ្លើយតបជាមួយសេចក្ដីតម្រូវការខាងលើនេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបង្កើតរោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើស្តង់ដារ អនាម័យ គុណភាព នឹងសុវត្តិភាពខ្ពស់ដល់ប្រជាជនកម្ពុជា។
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពត បានមានប្រសាសន៍ថា”ថ្ងៃនេះគឺជាទិវាប្រកបទៅដោយនក្ខត្តឫក្ស ដ៏ឧត្តុង្គឧត្តមនិងពោពេញទៅដោយ សញ្ចេតនារំភើបនិងរីករាយក្រៃលែង ដោយរដ្ឋបាលខេត្តកំពត បានសហការរៀបចំពិធីសម្ពោធជាផ្លូវការ រោងចក្រផលិតចំណីអាហារ និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ ជាស៊ីម កំចាយមា និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់។ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា។
ព្រមទាំងបានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គពិធីអំពីស្ថានភាពទូទៅក្នុងខេត្តកំពត ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហការនៅកម្ពុជា។
លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា បង្កើតរោងចក្រផលិតចំណីអាហារនេះឡើងក្នុងគោលបំណងដើម្បី លើកកម្ពស់ស្តង់ដារគុណភាពនៃការផលិតចំណី អាហារនៅកម្ពុជា ឱ្យមានស្តង់ដារអន្តរជាតិនិងដើម្បីឱ្យប្រជាជនកម្ពុជាទទួលទានអាហារដែលមានគុណភាពអនាម័យ នឹងដែលជាផលិតផលផលិតក្នុងស្រុក។ លើសពីនេះទៅទៀត លោក Paitoon Wongkatawethin ក្រុមប្រឹក្សា ភិបាលរង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចុះហត្ថលេខាលើអនុស្សរណះនៃការយោគយល់ជាមួយ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បច្ចេកទេសផ្សេងៗដែលទាក់ទង នឹងបច្ចេកវិទ្យាផលិតចំណីអាហារ ព្រមទាំងផ្តល់ឱកាសការងារទាក់ទង នឹងអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារដល់ប្រជាជនកម្ពុជាផងដែរ។
លោក Wittaya បានផ្តល់ជាឧទាហរណ៍បន្ថែមនៃគោលការណ៍ការផលិតចំណីអាហារប្រកបដោយអនាម័យល្អថា “ការទទួលបានសាច់ដែលមានភាពស្រស់ល្អ ត្រូវមានគោលការណ៍ទាំងអស់ ៥ ប្រការ ដូចជា ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ធានចិញ្ចឹមបែបស្តង់ដា។ ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថាពេលដែលសត្វរងសម្ពាធនឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។ ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែភាពស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ អោយរួចរាល់សម្រាប់ទុកប្រើប្រាស់។ ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវតាមគោលការណ៍ និងអនាម័យ មានការបែងចែករវាងផ្នែកស្អាត និងផ្នែកកខ្វល់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។ ទី៥) ការថែរក្សាសាច់បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។ ប្រសិនបើប្រតិបត្តិបានគ្រប់ទាំង ៥ ចំណុចនេះហើយ នោះធ្វើអោយយើងទទួលបានសាច់សត្វដែលមានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពដល់អ្នកបរិភោគ។”
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំហើយ ជាមួយនឹងចក្ខុវិស័យ “ផ្ទះបាយពិភពលោក” យើងបានប្តេជ្ញាផ្តល់នៅផលិតផលប្រកបដោយគុណភាព អនាម័យ និងអាហារូបត្ថម្ភខ្ពស់ជាមួយនឹងទំនួលខុសត្រូវដល់សង្គមជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៌ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅ កាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។
ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅរាជធានីភ្នំពេញ បានមានប្រសាសន៌ថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបានសហការជាមួយរដ្ឋាភិបាលថៃរហូតមក។ ក្រុមហ៊ុន ស៊ី.ភី បានផ្តោតលើការអភិវឌ្ឍន៍ផលិតផលចំណីអាហាររបស់ប្រទេសថៃ ដែលមាការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើន និងមនុស្សជុំវិញពិភពលោក។ នៅថ្ងៃនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន ស៊ី.ភី ជាចំណែកមួយនៃការជួយជ្រំជ្រែងប្រទេសកម្ពុជា ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារឧស្សាហកម្មផលិតចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែក អាហាររបស់កម្ពុជាឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិផងដែរ។ ដូច្នេះរដ្ឋាភិបាលថៃមានឆន្ទៈក្នុងការជួយ គាំទ្រក្នុងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធផ្សេងៗ ដែលបានជួយពង្រឹងចំណងមិត្តភាពរវាងថៃនិងកម្ពុជាអោយកាន់តែ មានភាពរឹងមាំយូរអង្វែង។
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា” រោងចក្រផលិតចំណីអាហាររបស់ក្រុមហ៊ុន ស៊ីភី ជារោងចក្រផលិតចំណីអាហារ ជាទីមួយនៅកម្ពុជានៅខេត្តកំពតនេះ និងលើកសរសើរពីរសជាតិ និងគុណភាពផលិតចំណីអាហារ ស៊ីភី មិនចាញ់ផលិតផលនាំចូលឡើយ។ ក្រុមហ៊ុនជួយបង្កើតឱកាសការងារនៅក្នុងតំបន់ និងកាត់បន្ថយការចំណាក់ស្រុក ដោយការបង្កើតរោងចក្រកែច្នៃចំណីអាហារ បានតបស្នងទៅនឹងបញ្ហាការប្រឈមកង្វះការផលិតចំណីអាហារនៅកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុន ស៊ីភី បានរួមចំណែកក្នុងការផ្គត់ផ្គង សាច់ស្រស់ ផលិតផលចំណីអាហារ ដែលមានអនាម័យ និងតម្លៃសមរម្យ និងបង្កើតទីផ្សារនៅកម្ពុជា ហើយក្រុមហ៊ុនជួយបានទិញ ដំណាំកសិកម្មដូចជា ពោត ដំឡូងមី ស្រូវ ពីប្រជាជនកម្ពុជា។ សូមឱ្យក្រុមហ៊ុនជួយបន្តគាំទ្រ និងបង្កើតរោងចក្រផលិតចំណីអាហារបន្ថែមទូទាំប្រទេស និងផ្ដល់បច្ចេកទេស ចំណេះដឹង ដល់ស្ថាប័នក្រសួងនានា ប្រជាជនផងដែរ
ជាទីបញ្ចប់ តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានចូលរួមចំណែក អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសអនុវិស័យចិញ្ចឹមសត្វនិងការកែច្នៃចំណីអាហារ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរ ក្រសួងដែលពាក់ពានគ្រប់ជាន់ថ្នាក់ដែលបានជួយសម្រួលដល់ការសាងសង រោងចក្រផលិតចំណីអាហារមួយនេះ។”
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ដោយអាជីវកម្មទាំងអស់ត្រូវបានបែងចែកជា ៣ ប្រភេទ គឺ អាជីវកម្មផលិតចំណីសត្វ(Feed) អាជីវកម្មចិញ្ចឹមសត្វ(Farm) និងអាជីវកម្មចំណីអាហារ(Food)។ ក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយ និងអាហារជាច្រើនដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee។ យើងបានផលិត និងផ្តល់ផលិតផល ព្រមទាំងសេវាកម្មទៅកាន់ ២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជានិងមានបុគ្គលិកទាំងអស់ជាង ២០០០នាក់ និងអតិថិជនជាង ១០០០ នាក់នៅគ្រប់ផ្នែកទាំងអស់។
ដោយនៅពេលអនាគតក្រុមហ៊ុន ស៊ី.ភី មានគំរោងនិងពង្រីករោងចក្រផលិតចំណីអាហារ ដែលមានគុណភាព សុវត្ថិភាព អនាម័យ នឹងស្តង់ដារបន្ថែមក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវតាមការរបស់ប្រជាជនកម្ពុជា នៅគ្រប់ទីកន្លែង ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន។
ក្រុមហ៊ុន ស៊ីភីអេហ្វ(CPF) បានបណ្តាក់ទុនលើអាជីវកម្មផ្សេងៗ ជាង១៦ ប្រទេស និងចែកចាយផលិតផលរបស់យើងជាង ៤០ ប្រទេស ទូទាំងពិភពលោក។
ដូចច្នេះសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់បានផលិតផលចំណីអាហារ និងសហការក្នុងការបើកអាជីវកម្មជាមួយ ក្រុមហ៊ុនស៊ី.ភី អាចទំនាក់ទំនងមកកាន់
CP Facebook |
CP YouTube |
CP Website |