Saturday, April 20, 2024
Homeសន្ដិសុខសង្គម៥ដេញកាប់៣ ដេកពេទ្យ៣នាក់

៥ដេញកាប់៣ ដេកពេទ្យ៣នាក់

ខេត្តពោធិ៍សាត់ ៖ យុវជន ៣នាក់កំពុងជិះម៉ូតូដឹកគ្នាដើរលេងសុខៗ ស្រាប់តែលេចមុខក្មេងទំនើង ១ក្រុម មានគ្នា ៥នាក់ ប្រដាប់ដោយកាំបិតផ្គាក់ បានប្រដេញតាមកាប់ទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកក្រុមជនបង្កហេតុ ក្រោយធ្វើសកម្មភាពរួច នាំគ្នាជិះម៉ូតូគេចបាត់ស្រមោលអស់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៦នាទីព្រលប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងកើតស្ពានប្រឡាយព្រៃរោង ចម្ងាយប្រហែល ៥ម៉ែត្រ ស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានទទួលពាក្យបណ្តឹងពីដើមបណ្តឹង ចំនួន៣នាក់ រួមមាន ៖ ទី១-ឈ្មោះអូយ ខេមរា ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិថ្លុកដង្កោ ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ។ ទី២-ឈ្មោះមាសអឿន ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅ ភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងទី៣-ឈ្មោះអេ ធូ ភេទស្រី អាយុ៣៧ឆ្នាំ មានលំនៅ ភូមិដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ប្រភពដដែល បន្តថា អ្នកទាំងបីនាក់ បានរាយការណ៍ថា កាលពីវេលាម៉ោង ៦និង៤៦នាទីព្រលប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ មានករណីជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះម៉ូតូ២គ្រឿង មានគ្នាចំនួន ៥នាក់ ប្រដាប់ដោយកាំបិតផ្គាក់ បានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ ស៊េរីឆ្នាំ២០២២ និងជិះម៉ូតូម៉ាកវីនណឺរ មិនស្គាល់ស្លាកលេខបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះ ចំនួន ៣នាក់ ជិះម៉ូតូ ២គ្រឿង នៅត្រង់ចំណុចខាងកើតស្ពានប្រឡាយព្រៃរោង ចម្ងាយប្រហែល ០៥ម៉ែត្រ ស្ថិតនៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ បណ្តាលឱ្យជនរងគ្រោះ ទាំង៣នាក់ រងរបួសធ្ងន់។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងអធិការ ចំនួន៣នាក់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចំនួន៤នាក់  កម្លាំងកងរាជអាវុធហត្ថស្រុក ចំនួន៣នាក់ និងកម្លាំងសឹករងស្រុកចំនួន២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿន សំអុល អធិការរងផែនយុត្តិធម៌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ពិនិត្យឃើញថា ជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ បានជិះម៉ូតូចំនួន ២គ្រឿង ដេញកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ចំនួន៣នាក់

រួមមាន ៖ ទី១-ឈ្មោះសូត្រ ហុងលី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង (រងរបួសធ្ងន់)។ ទី២-ឈ្មោះអឿ ពិសា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង (រងរបួសធ្ងន់) និងទី៣-ឈ្មោះអូយ ខេមរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង (រងរបួសស្រាល)។ ជនរងគ្រោះទាំង ៣នាក់ខាងលើ ត្រូវបានបងប្អូនក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ រីឯជនសង្ស័យទាំង ០៥នាក់ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ បានជិះម៉ូតូគេចខ្លួនបាត់។

ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត និងកំណត់អត្តសញ្ញាណដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES