ក្រមុំវង្វេងផ្ទះ ប៉ូលិសហៅម្តាយមកទទួល

ខេត្តតាកែវ ៖ យុវតីម្នាក់ បានវង្វេងចេញពីផ្ទះ និងបានសុំដោយសារស្ត្រីម្នាក់ទៅជាមួយ រហូតដល់ខេត្តតាកែវ ក្រោយមកស្ត្រីដែលជួយយកអាសា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឱ្យជួយស្រាវជ្រាវតាមរកក្រុមគ្រួសារ មកទទួលយកនារីវ័យក្មេងរូបនេះត្រឡប់ទៅផ្ទះវិញ។

 ករណីយុវតីវង្វេងផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរោងចក្រអេវគ្រីម ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវតីដែលវង្វេងផ្ទះ មានឈ្មោះម៉ិច ស្រីណាត់ អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់អង្គភាពប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីស្ត្រីឈ្មោះមួង សាវឌី មានលំនៅភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង បានរាយការណ៍ថា មានយុវតីម្នាក់ ឈ្មោះម៉ិច ស្រីណាត់ បានវង្វេង នៅចំណុចរោងចក្រ អេវគ្រីម ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានសុំរូបគាត់ (មួង សាវឌី) មកផ្ទះជាមួយ ទើបគាត់ក៏បាននាំនាងមកផ្ទះរបស់គាត់ ស្ថិតក្នុងភូមិទន្លេ ឃុំត្រឡាច ស្រុកទ្រាំង ដើម្បីឱ្យស្នាក់នៅជាបណ្តោះអាសន្ន ទម្រាំស្រាវជ្រាវរកក្រុមគ្រួសាររបស់នាងឃើញ។

របាយការណ៍ខាងលើ បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ផូនព័ត៌មានទៅលោកវរសេនីយ៍ត្រី ឈឺន ម៉ូ នាយប៉ុស្តិ៍នគរបាលអូរសណ្តាន់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីអន្តរាគមន៍បន្ទាន់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកនាយប៉ុស្តិ៍អូរសណ្តាន់ ក៏បានចុះស្រាវជ្រាវរកអាណាព្យាបាលយុវតីឈ្មោះម៉ិច ស្រីណាត់ ជាលទ្ធផល ឃើញថា នាងពិតជាមានស្រុកកំណើតនៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រាកដមែន ដែលមានម្តាយឈ្មោះប៉ាង ស៊ីណាត សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។

បន្ទាប់មក សមត្ថកិច្ចក៏បានផ្តល់ដំណឹងដល់ក្រុមគ្រួសារយុវតីខាងលើ ដើម្បីទៅទទួលយកកូនស្រីត្រឡប់មកផ្ទះវិញ៕