Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធសុំទៅស្រុក ប្តីកាប់៣កាំបិត

ប្រពន្ធសុំទៅស្រុក ប្តីកាប់៣កាំបិត

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ ឧស្សាហ៍កើតមានជម្លោះនឹងគ្នាញឹកញាប់ណាស់ លុះក្រោយមក ខណៈដែលស្ត្រីជាប្រពន្ធសុំទៅលេងស្រុក ទៅមើលកូនផង តែប្តីមិនឱ្យទៅដាច់ខាត ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែបុរសកំណាចជាប្តី ផ្ទុះកំហឹង ស្ទុះទាញកាំបិតផ្គាក់ កាប់ប្រហារប្រពន្ធ ៣កាំបិត បណ្តាលឱ្យដាច់ស្លឹកត្រចៀក ដាច់ដៃ និងរយះក្បាល រងរបួសយ៉ាងធ្ងន់ បន្ទាប់មកប្តីកំណាច បានរត់គេចខ្លួនបាត់។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារ ប្តីកាប់ប្រពន្ធនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជិត ៨យប់  ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះជាប្រពន្ធ ដែលត្រូវប្តីកាប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ មានឈ្មោះព្រំ ផល្លី អាយុ៥៦ឆ្នាំ មុខរបរកម្មករ និងជាអ្នករាំក្នុងវង់ភ្លេងឆៃយ៉ាំ។ ចំណែកជនដៃដល់ជាប្តី ដែលកំពុងរត់គេចខ្លួន មានឈ្មោះវែង ខៀវ អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា មុនកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ បានសុំប្តីទៅស្រុក ដើម្បីទៅលេងកូន តែប្តីមិនឱ្យទៅ ទើបឈានដល់ការឈ្លោះប្រកែកគ្នា រហូតដល់ជនសង្ស័យជាប្តីផ្ទុះកំហឹង ក៏ស្ទុះទាញកាំបិតផ្គាក់ កាប់ប្រពន្ធ ៣កាំបិត បណ្តាញឱ្យរងបួសធ្ងន់ ផ្នែកក្បាល ដាច់ស្លឹកត្រចៀកខាងឆ្វេង ព្រមទាំងដាច់ដៃខាងឆ្វេងផងដែរ។

ក្រោយកើតហេតុ ជនដៃដល់ជាប្តី បានរត់គេចខ្លួនបាត់ភ្លាមៗ។ ចំណែកស្ត្រីរងគ្រោះ  ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកតាមរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ថា ករណីប្តីកាប់ប្រពន្ធនេះ សមត្ថកិច្ចកំពុងតែស្វែងរកឃាត់ជនសង្ស័យជាប្តី ដើម្បីនាំយកមកចាត់ការតាមច្បាប់។

លោកអធិការ បញ្ជាក់ថា គ្រួសារខាងលើ តែងតែមានជម្លោះគ្នាជាប្រចាំ ទើបធ្វើឱ្យអ្នកស្រុកជិតខាង មិនសូវមានការចាប់អារម្មណ៍ លុះដល់ថ្ងៃកើតហេតុ បុរសជាប្តី ក្រោយពីទាស់សម្តីជាមួយប្រពន្ធរួច ក៏បានទាញកាំបិតកាប់ប្រពន្ធទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់តែម្តង។ យ៉ាងណា សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យខាងលើ ដើម្បីនាំយកមកចាត់ការតាមច្បាប់ ឱ្យខាងតែបាន៕

RELATED ARTICLES