Friday, April 19, 2024
Homeសន្ដិសុខសង្គមចាប់ខ្លួនថៅកែហាងគុយទាវ ខ្ចីលុយ៩ម៉ឺនដុល្លារ អត់សង

ចាប់ខ្លួនថៅកែហាងគុយទាវ ខ្ចីលុយ៩ម៉ឺនដុល្លារ អត់សង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានតាមចាប់ខ្លួនថៅកែហាងគុយទាវម្នាក់ បញ្ជូនទៅតុលាការ បន្ទាប់ពីបុរសរូបនេះ បានជាប់ពាក់ព័ន្ធពីបទ “រំលោភលើទំនុកចិត្ត” ខ្ចីប្រាក់គេប្រមាណជាង ៩ម៉ឺនដុល្លារ អត់ព្រមសង។

ជនសង្ស័យខាងលើ មានឈ្មោះសួ ឈុនឡេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់គុយទាវ មានលំនៅ ផ្ទះលេខ៣៣៧ ផ្លូវលំ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការចាប់បញ្ជូនខ្លួនជនសង្ស័យខាងលើនេះ គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកសឿង ចរិយា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះសួ ឈុនឡេង បានដាក់ឱ្យជនត្រូវចោទ ស្ថិត ក្រោមការពិនិត្យពីបទ “រំលោភលើទំនុកចិត្ត” ដែលជននេះបានប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

យោងតាមអង្គហេតុនៃការចាប់ខ្លួនជនសង្ស័យ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា ក្នុងអំឡុងឆ្នាំ២០១៩ ឈ្មោះសួ ឈុនឡេង បានខ្ចីប្រាក់ពីអ្នកដទៃ ជាបន្តបន្ទាប់ ប្រមាណជាង ៩ម៉ឺនដុល្លារ ដើម្បីយកទៅពង្រីកមុខរបររកស៊ី។ បន្ទាប់មក មុខរបរទាំងឡាយនោះ មិនសមប្រកប ក៏បានផ្លាស់ប្តូរបើកហាងលក់គុយទាវវិញ ប៉ុន្តែមួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាក៏ដូចជាពិភពលោក បានជួបនូវវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ដុនដាប រកចំណូលមិនបានសងទៅម្ចាស់ប្រាក់ ក៏បង្ខំចិត្តរត់គេចខ្លួនទៅក្រុងព្រះសីហនុ ទើបមានដីកាតាមចាប់ខ្លួនយ៉ាងដូច្នេះតែម្តង៕

RELATED ARTICLES