ភ្នំពេញ ៖ នារីវ័យក្មេង ២នាក់ ជិះម៉ូតូចេញពីម្តុំវត្តស្ទឹងមានជ័យ ជូនមិត្តភក្តិទៅកន្លែងធ្វើការនៅខណ្ឌទួលគោក បានត្រូវជនសង្ស័យមួយក្រុម ដេញតាមធាក់ម៉ូតូ បណ្តាលឱ្យដួល រួចឆក់យកទូរស័ព្ទដែលទុកនៅឃ្លុបម៉ូតូ ទៅបាត់។
ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៨និង៥០នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២
នៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមសម្តីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា ទូរស័ព្ទដែលត្រូវចោរឆក់យកទៅនោះ
ម៉ាកអាយហ្វូន ប្រូម៉េក ។ នៅមុនពេលកើតហេតុ ពួកនាងទាំង ២នាក់ បានជិះម៉ូតូហុងដា ឃ្លីក ពណ៌ស ចេញពីម្តុំវត្តស្ទឹងមានជ័យ ជូនមិត្តភក្តិទៅកន្លែងធ្វើការ នៅម្តុំស្ពានអាកាស៧មករា ខណ្ឌទួលគោក។ លុះពេលធ្វើដំណើរតាមផ្លូវលេខ២៧១ ពីខាងត្បូងទៅខាងជើងដល់ចំណុចខាងលើ ស្រាប់តែមានជន ២នាក់ ជិះម៉ូតូស្គូពី ពណ៌ស មិនចាំស្លាកលេខ បានធាក់ផ្តួលម៉ូតូពួកនាង ហើយឆក់យកទូរស័ព្ទដែលនាងទុកនៅក្នុងឃ្លុបម៉ូតូខាងមុខ រួចបន្ថែមល្បឿនម៉ូតូ រត់គេខ្លួនបាត់ស្រមោលអស់ទៅ។
ក្រោយពេលកើតហេតុ ពួកនាងត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់ និងយកទូរស័ព្ទរបស់នាងមកវិញផង៕