តថ្លៃស្រីរួមភេទ ៣នាក់ព្រួតវ៉ៃប្លន់

ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូកង់បី ចេញទៅរកនារីដើម្បីរួមភេទ លុះទៅដល់កំពុងចរចាជាមួយនឹងនារីរកស៊ីផ្លូវភេទម្នាក់ មិនទាន់ត្រូវរ៉ូវគ្នាផង ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រីចំនួន៣នាក់ បានមកព្រួតវាយប្លន់យកទូរស័ព្ទរបស់ជនរងគ្រោះ ១គ្រឿង ទៅបាត់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជនសង្ស័យទាំង៣នាក់ជាប់ នាំយកមកចាត់ការតាមច្បាប់។

ករណីប្លន់យកទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះចាន់ សុថា ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ ជា រតនា ភេទប្រុស អាយុ៣១ឆ្នាំ និងទី៣-ឈ្មោះរិទ្ធិ វឌ្ឍនៈ ភេទស្រី អាយុ៣០ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ខាងលើ សុទ្ធតែជាអ្នកស្នាក់នៅបន្ទប់ ជួល ប្លុកទីទាំងកើតហេតុខាងលើ និងមិនមានមុខរបរអ្វីពិតប្រាកដនោះទេ។ ចំណែកជនរងគ្រោះ មានឈ្មោះ វ៉ាន់ សារិន អាយុ១៩ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់៣ ចេញពីផ្សារចាស់ ក្នុងគោលបំណងទៅរកស្រី រួមភេទ។ លុះពេលទៅដល់ចំណុចខាងលើ ក៏បានជួបនារីរកស៊ីផ្លូវភេទពេលយប់ និងកំពុងនិយាយគ្នារឿងតម្លៃសេវាផ្លូវភេទ ស្រាប់តែមានក្រុម ជើងកាងស្រីប្រុស ចំនួន៣នាក់ មកដល់ ហើយជនម្នាក់ក្នុងចំណោមនោះបានវាយជនរងគ្រោះយកទូរស័ព្ទដៃ ម៉ាកអុបប៉ូ ១គ្រឿង រួចនាំគ្នាគេចខ្លួនបាត់អស់ទៅ។

បន្ទាប់ពីត្រូវក្រុមចោរប្លន់យកទូរស័ព្ទ ជនរងគ្រោះក៏ទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ទាំង៣នាក់ នៅវេលាម៉ោងប្រមាណ ៣រំលងអធ្រាត្រ គឺប្រមាណកន្លះម៉ោង បន្ទាប់ពីធ្វើសកម្មភាពប្លន់។

ក្រុមជនសង្ស័យទាំងនេះ ត្រូវបាននគរបាលបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមច្បាប់៕