Friday, April 19, 2024
Homeសង្គម និងជីវិតប្រឡងធ្លាក់ ខ្លាចម៉ែឪបន្ទោស នាំប្អូនរត់ចោលផ្ទះ

ប្រឡងធ្លាក់ ខ្លាចម៉ែឪបន្ទោស នាំប្អូនរត់ចោលផ្ទះ

ខេត្តសៀមរាប ៖ ករណីក្មេងប្រុស ២នាក់បងប្អូន លួចបោកកូនជ្រូកម្តាយ ប្រមូលលុយ វេចបង្វេចចុះចោលផ្ទះឯខេត្តសៀមរាប បាត់អស់រយៈពេល៥ថ្ងៃ ទើបសមត្ថកិច្ចស្រាវជ្រាវតាមរកឃើញនៅចំណុចបរិវេណកោះពេជ្រ ឯរាជធានីភ្នំពេញ នោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មូលហេតុពិតប្រាកដដែលនាំឱ្យក្មេងប្រុសទាំង២នាក់ ចាកចេញពីផ្ទះ គឺដោយសារក្មេងប្រុសជាកូនបង ប្រឡងធ្លាក់ ខ្លាចឪពុកម្តាយបន្ទោស ក៏បែកគំនិតនាំប្អូនប្រុសរត់ចេញពីផ្ទះបែបនេះតែម្តង។

គួរបញ្ជាក់ថា ក្មេងប្រុសទាំង២នាក់ខាងលើ ដែលបានបាត់ចេញពីផ្ទះ ឯភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង តាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចតាមរកឃើញ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ក្មេងប្រុសទាំង២នាក់បងប្អូនខាងលើ ទី១-ឈ្មោះហ៊ុន គឹមហេង អាយុ១៤ឆ្នាំ និង ទី២-ឈ្មោះហ៊ុន សុខវិសាល អាយុ៩ឆ្នាំ។ ក្មេងប្រុសទាំង២នាក់ គឺជាសិស្សអនុវិទ្យាល័យធ្លកអណ្តូង ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានទទួលព័ត៌មានថា ឃើញក្មេងទាំងពីរនោះនៅរាជធានីភ្នំពេញ ហើយក៏បានឱ្យលោកឧត្តមសេនីយ៍ត្រី អុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទាក់ទងទៅលោកវរសេនីយ៍ឯក សាន សុខសីហា ប្រធានក្រុមការងារប្រតិកម្ម

រហ័សរបស់ស្នងការរាជធានីភ្នំពេញ បានចុះទៅទីតាំងវត្តថាន់ និងក្រុមការងាររបស់លោកវរសេនីយ៍ទោ សំ សុខហេន បានឆែកកាមេរ៉ាសុវត្ថិភាពក្នុងវត្តថាន់ វេលាម៉ោង៩ព្រឹក ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ឃើញក្មេងទាំងពីរនោះដើរចេញពីក្នុងបរិវេណវត្តថាន់ ទៅក្បាលថ្នល់។ ក្រោយបង្ហាញវីដេអូនៃកាមេរ៉ាសុវត្ថិភាពដែលឆែកក្នុងវត្តថាន់ ឪពុកម្តាយក្មេង បានបញ្ជាក់ថា រូបភាពក្មេងទាំងពីរនោះ ពិតជាកូនប្រុសទាំងពីររបស់គាត់ប្រាកដមែន។

បន្ទាប់មក កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទាក់ទងទៅសមត្តកិច្ចរាជធានីភ្នំពេញ ជួយអន្តរាគមន៍រកក្មេងបន្តទៀត។ រហូតមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសន្តិសុខកោះពេជ្រ បានរកឃើញក្មេងប្រុសទាំង០២នាក់ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។

តាមការសាកសួររបស់សមត្ថកិច្ច ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង អាយុ១៤ឆ្នាំ និងឈ្មោះហុន វិសាល អាយុ៩ឆ្នាំ បានឆ្លើយបំភ្លឺថា មិនមែនជាករណីចាប់ជំរិត ឬក៏ចាប់ចូលក្នុងឡានទេ តែពួកគេបានគេចចេញពីផ្ទះ បន្ទាប់ពីបោកកូនជ្រូកបានប្រាក់ ៨ម៉ឺន៥ពាន់រៀល និងបានលក់កង់បាន ១ម៉ឺនរៀល ទៅទិញសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរ ឈ្មោះសុ គាន់ នៅមុខបុរីសៀងណាំ ទាំងពីរនាក់ តម្លៃ ២៥០០០រៀល ជិះទៅភ្នំពេញ ហើយចំពោះទូរស័ព្ទ បានដោះស៊ីមគ្រវាត់ចោល មិនបានលក់ឬបាត់ទៅណាទេ។ លុះពេលដល់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ពួកគេបានស្នាក់នៅតាមទីសាធារណៈ និងដើរសុំការងារគេធ្វើ។

នៅចំពោះមុខសមត្ថកិច្ច និងអាណាព្យាបាល ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង បានបញ្ជាក់ថា មូលហេតុដែលគេចចេញពីផ្ទះ គឺរៀនអត់ចេះ ហើយប្រឡងធ្លាក់ ខ្លាចឪពុកម្តាយស្តីបន្ទោស ក៏នាំប្អូនគេចេញពីផ្ទះតែម្តង។

តាមសម្តីបុរសជាឪពុកបង្កើតរបស់ក្មេងប្រុសទាំង២នាក់ ដែលបានឡើងមកទទួលកូនប្រុសដោយផ្ទាល់ បានរៀបរាប់ប្រាប់ថា ក្រោយពេលដែលកូនប្រុសរបស់គាត់បាត់ខ្លួន គាត់បានដាក់ពាក្យបណ្តឹងផង និងតាមស្វែងរកដោយខ្លួនឯងផង អស់ពីលទ្ធភាពហើយ ប៉ុន្តែមិន ទទួលបានតម្រុយអ្វីទាល់តែសោះ។ លុះមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានផ្តល់ព័ត៌មានមកឱ្យគាត់ថា មានការប្រទះឃើញភិនភាគក្មេងប្រុស ២នាក់ ដូចកូនប្រុសរបស់គាត់ តាមរយៈកាមេរ៉ាសុវត្ថិភាព។ ភ្លាមនោះ គាត់ក៏ប្រញាប់ឡើងមកជួបសមត្ថកិច្ច ដើម្បីសុំពិនិត្យភិនភាគតាមកាមេរ៉ាសុវត្ថិភាព និងស្គាល់ច្បាស់ថា ពិតជាកូនប្រុសរបស់គាត់មែន ទើបសមត្ថកិច្ចបានបញ្ជាក់ថា ព័ត៌មាននេះ ផ្តល់ឱ្យដោយសមត្ថកិច្ចរាជធានីភ្នំពេញ ហើយទីតាំងដែលប្រទះឃើញកូនប្រុសគាត់នោះ គឺនៅវត្តថាន់ ម្តុំស្តុបចម្ការមន រាជធានីភ្នំពេញ។

បុរសជាឪពុក បន្តថា បន្ទាប់ពីទទួលបានតម្រុយនេះភ្លាម គាត់ក៏ប្រញាប់ស្រូតដំណើរឡើងមកពីសៀមរាប សំដៅចូលរាជធានីភ្នំពេញ និងបានមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និងបានតាមស្វែងរកកូនប្រុសពេញ ១យប់ តែរកមិនឃើញសោះ រហូតមកដល់វេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ទើបគាត់បានទៅរកកន្លែងសម្រាក។ បន្ទាប់មក នៅវេលាម៉ោងប្រមាណ ៦ព្រឹក ថ្ងៃដដែល ទើបសមត្ថកិច្ចខេត្តសៀមរាប បានទូរស័ព្ទមកប្រាប់គាត់ថា កូនប្រុសរបស់គាត់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ រកឃើញហើយ និងកំពុងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់។ ឮបែបនេះ គាត់ក៏ស្រូតដំណើរទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ភ្លាម ក៏បានប្រទះឃើញកូនប្រុសទាំង២នាក់មែន។ យ៉ាងណា ដោយសារតែមើលទៅកូនប្រុសទាំង២នាក់របស់គាត់ ហាក់មានអារម្មណ៍ភិតភ័យ ទើបគាត់មិនទាន់អាចឈ្លេចសួរនាំពីដំណើរដើមទងដែលនាំឱ្យពួកគេចេញបាត់ពីផ្ទះនៅឡើយ តែសំខាន់ឱ្យតែកូនប្រុសទាំង២នាក់របស់គាត់ មានសុវត្ថិភាព គឺគាត់ពិតជាត្រេកអរណាស់ទៅហើយ និងសូមថ្លែងអំណរគុណដល់សមត្ថកិច្ច ទាំងសមត្ថកិច្ចខេត្តសៀមរាប និងសមត្ថកិច្ចរាជធានីភ្នំពេញ ដែលសហការគ្នាយ៉ាងអស់ពីចិត្តពីថ្លើម តាមរកកូនប្រុសរបស់គាត់រហូតទាល់តែឃើញ។

គួរបញ្ជាក់ថា ករណីក្មេងប្រុសទាំង២នាក់ខាងលើបាត់ខ្លួននេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្រុមគ្រួសាររបស់ក្មេងប្រុស បានដាក់ការសង្ស័យថា ជាករណីចាប់ក្មេងដាក់ចូលរថយន្ត ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញខេត្តសៀមរាប បដិសេធ ក្រោយពេលចុះស៊ើបអង្កេត ស្រាវជ្រាវដល់ផ្ទះក្រុមគ្រួសារឪពុកម្តាយក្មេងទាំង២នាក់នោះរួចមក៕

RELATED ARTICLES