ភ្នំពេញ៖វ៉ាឌី ភាលីង បានដើរចេញពីអាជីពសិល្បៈរយៈពេលជាង៧ឆ្នាំមកហើយដែលពេលនេះនាងកំពុងតែត្រៀមសម្រាលកូនជាលើកដំបូងក្នុងពេលឆាប់ៗ បន្ទាប់ពីភាលីង បានភ្ជាប់ស្នេហ៍ជាមួយអ្នកជំនួញវ័យក្មេងម្នាក់អស់៨ឆ្នាំ។ជាញឹកញាប់អតីតតារាសម្ដែងនិងចម្រៀងរូបនេះបង្ហាញពីការទៅពិនិត្យសុខភាពជាប្រចាំដើម្បីតាមដានសុខភាពទារកក្នុងផ្ទៃរបស់នាងឲ្យបានល្អ។

អ្នកយកព័តមានយើងបានឆាតតាមហ្វេសបុកសួរនាំវ៉ាឌី ភាលីង ពីការត្រៀមសម្រាលកូនទី១នេះ តែជាច្រើនថ្ងៃមកហើយនាងមិនមានការឆ្លើយតបនោះទេ។ប៉ុន្ដែកន្លងមកភាលីង ច្រើនតែបញ្ចេញឲ្យគេឃើញទៅលើការសរសើរគូស្នេហ៍របស់នាងពេញៗមាត់ថាតាំងពីចាប់ផ្ដើមស្នេហាគ្រាដំបូងរហូតមកដល់ពេលនេះគឺម្ចាស់ចិត្តរបស់នាងស្រលាញ់នាងដោយគ្មានការប្រែចិត្តបន្ដិចឡើយ។

សូមបញ្ជាក់ថាវ៉ាឌី ភាលីង ក្រោយបោះបង់អាជីពសិល្បៈនាងបានងាកទៅរកស៊ីលក់គ្រឿងអលង្ការ និងCosmetic ហើយគ្មានបំណងវិលមករកអាជីពចាស់សារជាថ្មីឡើយ។អ្វីដែលភាលីង ធ្វើឲ្យមិត្តភក្ដិធ្លាប់រួមអាជីពស្ញប់ស្ញែងនោះពេលនេះនាងរស់នៅយ៉ាងស៊ីវិល័យពោលគឺមិនចាញ់ជាជំទាវនោះទេ ព្រោះមានផ្ទះវីឡារធំស្កឹមស្កៃកណ្ដាលក្រុង និងមានរថយន្ដទំនើបៗ ជិះដូចជាRolls Royce ,Lexus Lx570,Alphard ,Range Rover និងMercedes ជាដើម។ភាលីង ធ្លាប់ប្រាប់ថាទ្រព្យទាំងនោះគឺនាងនិងគូស្នេហ៍រកស៊ីរួមគ្នា តែទាក់ទងរឿងរៀបការ ឬចុះអេតាស៊ីវិលនោះនាងថារហូតមកដល់ពេលនេះក៍មិនទាន់គិតគូដែរ ព្រោះថានាងនិងសង្សារមានទំនុកចិត្តលើគ្នាខ្លាំងណាស់ ហេតុនេះគ្មានការបារម្ភខ្លាចមានការប្រែប្រួលឡើយ។

ក្រៅពីវ៉ាឌី ភាលីង តារាដែលសម្រេចចិត្តយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម ,នៅ សុនិតា ,ផាន់ ផាន់ណា,ពេជ្រ សូលីកា និងឌុច លីដា ជាដើម។ទស្សនិកជនរងចាំមើលថាតើវ៉ាឌី ភាលីង នឹងយកកូនឲ្យបានប៉ុន្មាននាក់ទើបនាងព្រមដឹកដៃគូស្នេហ៍ចូលរោងការ?

