ភ្នំពេញ៖ប៊ុត សីហា ដែលជាម្ចាស់ពានThe Voice Cambodia រដូវកាលទី១នោះយូៗម្ដងគេឃើញតារាចម្រៀងរូបនេះលេចមុខតាមអកកាដង់តាមទីជនបទ តែកម្រឃើញសីហា មានឱកាសបានច្រៀងសម្ដែងតាមConcerts ធំៗដូចតារាល្បីៗដ៍ទៃទៀតណាស់ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់អ្នកចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះនៅទ្រឹងលែងមានបទថ្មីៗដូចមុនទៀត។ប៉ុន្ដែថ្មីៗនេះប៊ុត សីហា បែជាត្រូវបានក្រុមហ៊ុនមួយចាប់ដៃឲ្យលោករកស៊ីលក់ដីឡូតិ៍ជាមួយទៅវិញ បើទោះជាសីហា ត្រូវបានគេដឹងថាមិនសូវចេះនិយាយឬពូកែវោហាស័ព្ទក្នុងការធ្វើទីផ្សារសម្រាប់ការរកស៊ីអចលនទ្រព្យក្ដី។តែការដែលសីហា ត្រូវបានគេផ្ដល់ទំនុកចិត្តឲ្យរកស៊ីធំជាមួយនេះបញ្ជាក់ថារឿងចាស់របស់អ្នកចម្រៀងរូបនេះត្រូវបានគេលែងប្រកាន់ហើយលោកនៅតែត្រូវបានគេបើកផ្លូវឲ្យបន្ដការកស៊ីជាមួយដោយទំនុកចិត្តទៀតផង។

សូមបញ្ជាក់ថាប៊ុត សីហា ត្រូវបានគេចាត់ទុកថាមានទឹកដមសំនៀងខ្លាំងជាងម្ចាស់ពានទាំងឡាយដែលហង្សមាសជ្រើសរើសយកបានប៉ុន្ដែតារារូបនេះអស់អនាគតជាមួយហង្សមាសក្រោយផ្ទុះរឿងអាស្រូវសីហា សេពគ្រឿងញៀនផ្អើលពេញផ្ទៃប្រទេសទើបថៅកែធំហង្សមាសលែងទទួលយកសីហា ធ្វើជាសមាជិករបស់ផលិតកម្មធំនេះទៀតហើយ។បន្ទាប់ពីចាកចេញពីហង្សមាសសីហា ហាក់តែលតោលគឺគ្មានទ្រនុំច្បាស់លាស់នោះទេ ធ្វើឲ្យតារារួមអាជីពស្ដាយនូវសម្ថភាពទេពកោសល្យរបស់លោកតែគ្មានទីតាំងបញ្ចេញសម្ថភាពតទៅទៀត។យ៉ាងណាសីហា ដែលមានភាពរកាំរកូសជាមួយភរិយាកូន១នោះ ពេលនេះលោកនៅតែបន្ដស្នេហ៍នៅឡើយ បើទោះជាពួកគេមានទំនាស់ជាមួយគ្នាជាញឹកញាប់ដោយមានពេលខ្លះមានដំណឹងថាតារាចម្រៀងរូបនេះបានវេចបង្វិចទៅទះម្ដាយទាំងយប់ក្ដី។

ប្រភពបានឲ្យដឹងថាផលិតកម្មមួយចំនួននៅតែចង់ផ្ដល់ឱកាសឲ្យប៊ុត សីហា សារជាថ្មី តែអ្វីដែលពួកគេពិបាកសហការណ៍ជាមួយម្ចាស់ពានរូបនេះគឺព្រោះតែធ្លាប់លេចឭថាលោកមិនសូវគោរពពេលវេលាហើយខ្លះបារម្ភខ្លាចសីហា មិនចោលទម្លាប់ពីមុនទើបធ្វើឲ្យថៅកែមួយចំនួនរារែកចិត្តក្នុងការឡង់សេសីហា ឲ្យល្បីឡើងវិញ។

មហាជនរងចាំមើលថាតើប៊ុត សីហា នឹងអាចកាក់កបជាមួយមុខរបររកស៊ីលក់ដីឡូតិ៍នេះដែរឬទេ ព្រោះថាបច្ចុប្បន្នលោកឧកញ៉ាព្រាប សុវត្ថិ និងខេម ប៊ុនថៃ កំពុងតែដកឃ្លាខ្លះពីសិល្បៈដើម្បីសម្រុកលក់ដីឡូតិ៍រៀងៗខ្លួនដែរ៕


