ខេត្តកោះកុង ៖ លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកម្លាំងជំនាញ ចុះឃាត់ខ្លួនស្ត្រីជាប់ចោទម្នាក់ ពាក់ព័ន្ធករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់។
ជនត្រូវចោទ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆៃ គឹមធុច ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៧៦២ ត.ព/២០២២ ចុះថ្ងៃទី០៤ ឧសភា ឆ្នាំ២០២២ ចេញដោយលោកងួន ធីរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង។
យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនខាងលើ បានបញ្ជាក់ថា ឈ្មោះឆៃ គឹមធុច ត្រូវចោទប្រកាន់ពីបទ អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីអំឡុងឆ្នាំ២០១៦ រហូត មកដល់បច្ចុប្បន្ន បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។
ដីកាខាងលើ បានបញ្ជាក់ឱ្យដឹងផងដែរថា ជនត្រូវចោទ ឆៃ គឹមធុច ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចូលខ្លួន ចំនួន២លើករួចមកហើយ ដោយលើកទី១ ដីកាលេខ ២៦៦០ ត.ព/២០២១ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង និងដីកាទី២ លេខ២៨៩៣ ត.ព/២០២១ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង។ ប៉ុន្តែជនត្រូវចោទ ឆៃ គឹមធុច មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនទាំង២ ខាងលើនេះឡើយ។
បន្ទាប់ពីជនត្រូវចោទខាងលើ មិនព្រមចូលខ្លួនតាមដីកាទាំង ២ខាងលើ ទើបលោកងួន ធីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង សម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួន នាពេលនេះតែម្តង និងត្រូវបានសមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនស្ត្រីខាងលើ នៅចំណុចផ្ទះចម្ការ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រកថ្មបាំង។
ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការបន្តតាមនីតិវិធី៕