Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះច្រាំងទន្លេបត់ជើង ជួបខ្មោចអណ្តែតស្ពីង

ចុះច្រាំងទន្លេបត់ជើង ជួបខ្មោចអណ្តែតស្ពីង

ភ្នំពេញ ៖ បុរសម្នាក់ បានចុះទៅរកកន្លែងបត់ជើងនៅច្រាំងទន្លេ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងផ្ទៃទឹកដងទន្លេសាប ក្នុងសភាពហើមស្អុយទៅហើយ ទើបធ្វើឱ្យមានការភ័យឆោឡោ ប្រញាប់រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកស្រង់និងពិនិត្យភ្លាមៗ។

ករណីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដងទន្លេសាប ទល់មុខវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

សាកសព មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែនៅជាប់នឹងខ្លួនសាកសព មានកាតចាក់វ៉ាក់សាំងមួយ បញ្ជាក់ថា ឈ្មោះទូច ម៉ៃដាក ជនជាតិខ្មែរ មានអាយុប្រហែលជាង ៣០ឆ្នាំ ទីកន្លែងចាក់វ៉ាក់សាំង នៅវត្តប្រាង្គអណ្តែត ហៅវត្តម្លិច ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានចុះទៅរកកន្លែងបត់ជើងតូច នៅមាត់ច្រាំងទន្លេ ក៏ស្រាប់តែប្រទះឃើញសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ អណ្តែតទឹកស្ពីង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ័យជម្នះ ចុះមកពិនិត្យតែម្តង។ បន្ទាប់មក គេឃើញកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ័យជម្នះ បានចុះទៅដល់ទីតាំងកើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ បន្តចុះមកធ្វើការពិនិត្យសាកសព។

បន្ទាប់ពីសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកដល់ ធ្វើការស្រង់និងពិនិត្យសព ឃើញថា ជនរងគ្រោះមានសភាពហើមធុំក្លិនស្អុយ ដោយស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ ជើងវែង ពាក់ស្បែកជើងប៊ូ ពណ៌ខ្មៅ អាវក្នុងសាច់ក្រណាត់ ពណ៌សាច់ អាវខាងក្រៅសាច់ក្រណាត់ខោវប៊យពណ៌ខ្មៅ ដោយមានកាបូបដៃមួយពណ៌ខ្មៅ ទំហំទទឹងមួយតឹកកន្លះ បណ្តោយពីតឹកកន្លះ ក្នុងនោះ មានកាតធនាគារមួយ ទូរស័ព្ទដៃមួយគ្រឿង ម៉ាក OPPO និងកាតចាក់វ៉ាក់សាំង ដែលមានឈ្មោះទូច ម៉ៃដាក ជនជាតិខ្មែរ មានអាយុប្រហែលជាង ៣០ឆ្នាំ ទីកន្លែងចាក់វ៉ាក់សាំង នៅវត្តប្រាង្គអណ្តែត ហៅវត្តម្លិច ខេត្តតាកែវ។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES