Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញកាប់មនុស្សអត់បាន កាប់ម៉ូតូដុតចោល

ដេញកាប់មនុស្សអត់បាន កាប់ម៉ូតូដុតចោល

ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ១ក្រុម បានធ្វើសកម្មភាពដេញកាប់យុវជន ៣នាក់ ទាំងកំរោល បណ្តាលឱ្យរងរបួសយ៉ាងដំណំ និងនាំគ្នារត់គេចខ្លួនចោលម៉ូតូ ១គ្រឿង ធ្វើឱ្យក្រុមជនដៃដល់ព្រួតគ្នាវាយកម្ទេចម៉ូតូ រួចប្រុងដុតចោលទៀតផង តែបានប្រជាពលរដ្ឋក្បែរខាង ចេញ អន្តរាគមន៍ ទើបក្រុនជនសង្ស័យ នាំគ្នាគេចខ្លួនបាត់អស់ភ្លាមៗ។

ហេតុការណ៍អំពើហិង្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះទាំង ៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដឹងត្រឹមតែថា ពួកគេជាបុគ្គលិកផ្នែកអនឡាញ នៅក្រុងប៉ោយប៉ែត ក្នុងនោះ ២នាក់ ស្នាក់នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងម្នាក់ស្នាក់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះទាំង ៣នាក់ មានម្នាក់រងរបួសដៃឆ្វេង ម្នាក់របួសខ្នង និងម្នាក់ទៀតជាអ្នកបើកបរម៉ូតូ រងរបួសតិចតួច ពេលដួលម៉ូតូ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានក្រុមជនបង្ក កាប់ខូចផ្នែកខាងក្រោយ។ មិនតែប៉ុណ្ណោះ អ្នកឃើញហេតុការណ៍ និយាយថា ក្រុមជនបង្ក បានដុតម៉ូតូជនរងគ្រោះចោលទៀត តែដុតមិនឆេះ។

តាមប្រភពពីជនរងគ្រោះទាំង ៣នាក់ បានឱ្យដឹងថា រវាងពួកគេ និងក្រុមជនសង្ស័យ មិនធ្លាប់ស្គាល់គ្នានោះទេ ហើយក៏មិនដែលមានទំនាស់ជាមួយគ្នាដែរ ព្រោះពួកគេទើបមកស្នាក់នៅក្រុងប៉ោយប៉ែត ដើម្បីធ្វើការផ្នែកអនឡាញ។

យ៉ាងណាក៏ដោយ ក្រោយកើតហេតុ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុភ្លាមៗ និងសាកសួរជនរងគ្រោះ ដើម្បីស្រាវជ្រាវរកមូលហេតុ និងតាមរកក្រុមបង្កហេតុ យកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES