សិស្សស្រី៦នាក់ ៣នាក់ស្លាប់ ៣នាក់រស់ដោយសារតែ…

ខេត្តពោធិ៍សាត់ ៖ ក្មេងស្រីជាសិស្សសាលា ចំនួន៣នាក់ ក្នុងចំណោម ៦នាក់ ដែលបាននាំគ្នាចុះលេងទឹកស្ទឹង និងត្រូវទឹកហូរកួចខ្លាំង បណ្តាលឱ្យលង់លិចបាត់ខ្លួនចំនួន ៣នាក់ តាំងពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នោះ រហូតមកដល់ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានរាវរកនិងស្រង់សពសិស្សស្រីទាំង៣នាក់នោះបានហើយ។

តាមប្រភពពីសមត្ថកិច្ចស្រុកភ្នំក្រវាញ បានឱ្យដឹងថា សពសិស្សស្រីទាំង ៣នាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ នៅចម្ងាយប្រមាណជាង ២០០០ម៉ែត្រ ពីកន្លែងលង់ទឹក។ ក្នុងនោះ នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានរកឃើញសពឈ្មោះ ថា ស្រីម៉ី ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន

ស្រុកភ្នំក្រវាញ។ លុះមកដល់វេលាម៉ោង ១២និង១១នាទីថ្ងៃត្រង់ ថ្ងៃដដែល បានរកឃើញឈ្មោះ ជា ស្រីនាថ ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅ ភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។  បន្ទាប់មក នៅល្ងាចថ្ងៃដដែលនោះដែរ ក៏បានរកឃើញសពឈ្មោះគឹម សុខគៀង ភេទស្រី អាយុ១៤ឆ្នាំ មានលំនៅ ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅត្រង់ចំណុចស្ទឹងពោធិ៍សាត់ ស្ពានក្របៅជ្រំ ស្ថិតនៅភូមិក្របៅជ្រំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ដោយក្មេងស្រីៗជាសិស្ស

សាលា ១ក្រុម មានគ្នា៦នាក់ ទើបនឹងចេញពីរៀន ក៏ជិះម៉ូតូដឹកគ្នាទៅលេងទឹកយ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែក្រោយមក ក្មេងស្រីចំនួន៣នាក់ បានលង់ និងលិចបាត់ក្នុងទឹក ខណៈដែល ៣នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល។

ក្មេងស្រីជាសិស្សសាលាទាំង ៦នាក់ ដែលនាំគ្នាមកលេងទឹក និងជួបគ្រោះអកុសលខាងលើ សុទ្ធសឹងតែជាសិស្សរៀននៅអនុវិទ្យាល័យបាក់ចិញ្ចៀន ដែលក្នុងនោះ រួមមាន ៖ ទី១-ឈ្មោះគឹម សុខគៀង  ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 8B មានលំនៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ (ស្លាប់)។ ទី២-ឈ្មោះជា ស្រីនាថ ភេទស្រី

អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 8AG មានលំនៅ ភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ (ស្លាប់)។ ទី៣-ឈ្មោះថា ស្រីម៉ី ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 7E មានលំនៅ ភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ (ស្លាប់)។ ទី៤-ឈ្មោះសុង សុខលី ភេទស្រី ជាសិស្សរៀនថ្នាក់ទី 7E មាននៅ ភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។ ទី៥-

ឈ្មោះ ហឿន ស្រីល័ក្ខ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 8A មានលំនៅភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ និងទី៦-ឈ្មោះហឿន ស្រីលីន ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 8A មានលំនៅ ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមក្មេងស្រីជាសិស្សអនុវិទ្យាល័យបាក់ចិញ្ចៀន ខាងលើ ទើបនឹងចេញពីសាលារៀន រួចក៏នាំគ្នាជិះម៉ូតូចំនួន ២គ្រឿង មកចំណុចកើតហេតុ ក្នុងគោលបំណងងូតទឹកលេង។ លុះពេលកំពុងងូតទឹកលេង ក្មេងស្រីរងគ្រោះឈ្មោះថា ស្រីនាថ បានបបួលទៅងូតកន្លែងគល់ឈើ១ ដែល

ចម្ងាយពីកន្លែងពួកគេកំពុងងូតលេង ប្រមាណ៥០ម៉ែត្រ ក៏នាំគ្នាដើរទៅ ប៉ុន្តែទឹកជ្រៅពេក និងហូរផងនោះ ឈ្មោះ ថា ស្រីម៉ី ទៅយកដើមឫស្សី មកកាន់ឆ្លងតគ្នា ដោយឈ្មោះហឿន ស្រីលីន កាន់ខាងមុខ និងឈ្មោះហឿន ស្រីល័ក្ខ កាន់ខាងក្រោយ ចំណែក ៤នាក់ តោងសម្រូតគ្នាទៅមុខ ដោយទឹកហូរខ្លាំងឈ្មោះហឿន ស្រីលីន នៅខាងមុខ និង

ចេះហែលទឹកដែរនោះ ប្រាប់ថាកុំទៅ ពេលនោះក៏នាំតោងឫស្សី សម្រូតត្រឡប់មកវិញ ធ្វើឱ្យឈ្មោះហឿន ស្រីល័ក្ខ ដែលកាន់ឫស្សីខាងក្រោយ ទប់មិនឈ្នះ ក៏របូតឫស្សីពីដៃ បណ្តាលឱ្យឈ្មោះ ថា ស្រីម៉ី ជា ស្រីនាថ និងគឹម សុខគៀង

ត្រូវទឹកហូរកួចទៅបាត់។ ដោយឡែកឈ្មោះសុង សុខលី ត្រូវបានឈ្មោះហឿន ស្រីលីន ទាញដៃតោងគល់ឈើជាប់ ឯឈ្មោះហឿន ស្រីល័ក្ខ ដែលកាន់ឫស្សីខាងក្រោយគេ ដែលទឹកហូរកួចដែរនោះ ប្រឹងហែលមកច្រាំងស្ទឹង ស្រែកហៅអ្នក

ភូមិឱ្យជួយ។ ភ្លាមៗនោះអ្នកភូមិបានយកទូកមកចម្លង២នាក់ដែលតោងគល់ឈើ និងបន្តរកអ្នកទាំងនាក់នោះ ប៉ុន្តែរកពុំឃើញទេ ព្រោះទឹកជ្រៅ និងហូរខ្លាំងពេក។

រហូតដល់ពេញមួយថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ទើបប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានចុះរាវរកយ៉ាងសស្រាក់សស្រាំ រហូតប្រទះឃើញសពក្មេងស្រីរងគ្រោះទាំង៣នាក់ និងស្រង់ឡើងមកប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី រៀងៗខ្លួន ទាំងសោកសង្រេងជាទីបំផុត៕