Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្អូនប្រុសបង្កើត ចាក់បង១កាំបិតស្លាប់

ប្អូនប្រុសបង្កើត ចាក់បង១កាំបិតស្លាប់

ខេត្តព្រះវិហារ ៖ បុរស២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានទិញស្រា យកមកអង្គុយផឹកជុំគ្នាជាមួយនឹងមិត្តភក្តិប៉ុន្មាននាក់ទៀត លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីគ្នារវាងបងប្អូនបង្កើត រហូតដល់ផ្ទុះជាអំពើហិង្សា ដោយភាគីប្អូនប្រុស បានទាញកាំបិតចុងស្រួច ចាក់ប្រហារបងប្រុសបង្កើតរបស់ខ្លួន ចំនួន១កាំបិត ចំឆ្អឹងជំនីរ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ទីបំផុតជនដៃដល់ជាប្អូនប្រុស ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ ប្អូនបង្កើតចាក់បងប្រុសខ្លួនឯង បណ្តាលឱ្យស្លាប់នេះ បានកើតឡើង កាលពីវេលាយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចម្តុំបេងដូប ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន។

ជនសង្ស័យជាឃាតករដែលចាក់បងប្រុសបង្កើតបណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះច័ន្ទ ថៃហ្គ័រ អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាបងប្រុស មានឈ្មោះច័ន្ទ តាំ អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកគូលែន បានឱ្យដឹងថា ដើមហេតុបង្កឱ្យមានអំពើឃាតកម្មកើតឡើងពេលនោះ បុរសរងគ្រោះ ជាមួយជនសង្ស័យ រួមនិងគូកន ១ក្រុម បានផ្តុំគ្នាផឹកស៊ី។ លុះពេលផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងខ្លួន បុរសទាំង២នាក់ ត្រូវជាបងប្អូនគ្នាបង្កើតនឹងគ្នា បានកើតមានទំនាស់សម្តីតឹងសរសៃកដាក់គ្នា។ រំពេចនោះ ជនសង្ស័យជាប្អូនប្រុស ឈ្មោះច័ន្ទ ថៃហ្គ័រ បានស្ទុះទៅយកកាំបិតចុងស្រួច ហក់ទៅចាក់ប្រហារលើជនរងគ្រោះជាបងប្រុស ឈ្មោះច័ន្ទ តាំ ១កាំបិត ចំឆ្អឹងជំនីរខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ង បានចុះទៅដល់ទីតាំងកើតហេតុ និងចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ព្រមទាំងដកហូតវត្ថុតាង កាំបិតចុងស្រួចចំនួន១ដើមផងដែរ។

ជនសង្ស័យ ត្រូវបានផ្នែកជំនាញនាំមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES