ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសវ័យ ៨៤ឆ្នាំម្នាក់ និងស្ត្រីជាអ្នកទិញ-លក់និងបញ្ចាំទូរស័ព្ទម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទទួលទិញទូរស័ព្ទចោរ) លុះសមត្ថកិច្ចចុះសុំកិច្ចសហការមិនព្រម ទើបសម្រេចឃាត់ខ្លួន នាំយកទៅសាកសួរតែម្តង។
ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចហាងទិញ-លក់និងបញ្ចាំទូរស័ព្ទ មួយកន្លែង ស្ថិតនៅផ្លូវលេខ៦៣ កែងនិងផ្លូវលេខ១៤៦ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ គាត់បានទុកទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 11 Pro Max នៅផ្ទះ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ស្រាប់តែក្រោយមក ត្រូវជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយក។ ក្រោយមក គាត់បានឆែកតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យវ័យចំណាស់ម្នាក់ បានចូលទៅលួចទូរស័ព្ទរបស់គាត់ ទើបគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដើមមៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីជួយអន្តរាគមន៍ស្រាវជ្រាវ។
ក្រោយពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ វ័យ ៨៤ឆ្នាំម្នាក់ មកសាកសួរតាមនីតិវិធី។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ វ័យ៨៤ឆ្នាំនោះ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពមកលួចយកទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11 Pro Max ពីជនរងគ្រោះ យកមកលក់នៅម្តុំផ្សារទំនើបសូរិយាម៉ល ផ្លូវលេខ៦៣ កែងនិងផ្លូវ១៤៦ ប្រាកដមែន។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចបានដឹកជនសង្ស័យមកចង្អុលទីតាំងបញ្ចាំនោះ ដោយជនសង្ស័យលក់ចំនួនតែ ៥០ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែ ដោយម្ចាស់ទូរស័ព្ទខ្ជិលវែងឆ្ងាយ សុខចិត្តចេញថ្លៃលោះយកទូរស័ព្ទពីកន្លែងទិញ-លក់និងបញ្ចាំ ឱ្យតម្លៃ១០០ដុល្លារវិញ តែខាងស្ត្រីដែលជាម្ចាស់ទីតាំង មិនព្រមទទួលយក ទើបសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញនគរបាលជំនាញខេត្តកណ្តាល នាំខ្លួនស្ត្រីម្ចាស់ទីតាំង ដែលទទួលផលចោរកម្មខាងលើ និងជនសង្ស័យ មកសាកសួរនិងចាត់ការតាមនីតិវិធីតែម្តង៕