ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ទើបនឹងរៀបការប្តីបានត្រឹម ២ថ្ងៃ មិនដឹងថាមានបញ្ហាអាក់អន់ស្រពន់ចិត្ត ឬជម្លោះរឿងអ្វី ស្រាប់តែវេចបង្វេចចុះចោលផ្ទះ ចោលប្តី បាត់ដំណឹងសូន្យឈឹង ធ្វើឱ្យស្ត្រីជាម្តាយបង្កើត និងប្តី ស្វះស្វែងតាមរកសព្វកន្លែង អស់រយៈពេល ៦ថ្ងៃមកហើយ នៅតែមិនទាន់ទទួលបានតម្រុយបន្តិចណាសោះ ទើបស្ត្រីជាម្តាយា ដាច់ចិត្តកាន់រូបថតកូនស្រី ចំនួន២សន្លឹក ដើរដាក់ពាក្យបណ្តឹងតាមប៉ុស្តិ៍នគរបាល និងពឹងឱ្យក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយតាមរកកូនស្រីត្រឡប់មកវិញ។
ករណីម្តាយកាន់រូបថតតាមស្វែងរកកូនស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីដែលកាន់រូបថតតាមរកកូនស្រី មានឈ្មោះយ៉ូន សាយ អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកកូនស្រីដែលបាត់ខ្លួនឈ្មោះធល ដាលីន អាយុ ១៨ឆ្នាំ មុខបររកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយ។
តាមសម្តីស្ត្រីជាម្តាយ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះធល ដាលីន បានបាត់ខ្លួន រយៈពេល ៦ថ្ងៃមកហើយ ដោយពុំដឹងថានាងទៅទីណា មានរឿងអ្វីកើតឡើង និងមានសុខទុក្ខយ៉ាងណានោះទេ ធ្វើឱ្យគាត់ជាម្តាយ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ទើបដាច់ចិត្តកាន់រូបថតកូនស្រី ចំនួន២សន្លឹក ធ្វើដំណើរទៅដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ដើម្បីប្រគល់ជូននគរបាល និងដាក់ពាក្យប្តឹងអំពីការបាត់កូនស្រីនេះ សង្ឃឹមថា សមត្ថកិច្ចនឹងអាចជួយអន្តរាគមន៍តាមស្វែងរកកូនស្រីរបស់គាត់ឃើញ ខណៈដែលគាត់និងក្រុមគ្រួសារព្យាយាមតាមស្វែងរកអស់ពីលទ្ធភាពទៅហើយ។
ស្ត្រីជាម្តាយ បានបន្តថា កូនស្រីគាត់ម្នាក់នេះ មានប្តីរួចទៅហើយ ដោយបានរៀបការជាមួយយុវជនម្នាក់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅឯស្រុកកំណើត ក្នុងឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ កូនស្រីនេះ បាននាំប្តីនាង ធ្វើដំណើរមកពីស្រុកកំណើត ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលពង្រ ព្រោះព្រឹកស្អែក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ត្រូវចូលធ្វើការរោងចក្រវិញ។ បន្ទាប់មក នៅព្រឹកថ្ងៃទី១៦ ឧសភា នាងក៏ទៅធ្វើការរោងចក្រដូចធម្មតា លុះថ្ងៃត្រង់ ក៏បានត្រឡប់មកហូបបាយជុំគ្នាជាមួយប្តី និងក្រុមគ្រួសារ នៅក្នុងបន្ទប់ជួល ជាធម្មតា ពុំមានបញ្ហាអ្វីកើតឡើងឡើយ។
ស្ត្រីជាម្តាយ បញ្ជាក់ថា ក្រោយហូបបាយរួច នាងបានចាកចេញពីបន្ទប់ជួល ថាទៅធ្វើការ ហើយក៏ស្រាប់តែបាត់រហូត មិនឃើញត្រឡប់មកផ្ទះវិញសោះ ហើយគិតរហូតមកទល់ពេលនេះ រយៈពេល ៦ថ្ងៃទៅហើយដែលកូនស្រីរបស់គាត់បានបាត់ខ្លួន។ ក្រោយពីកូនស្រីបាត់ខ្លួន បែបនេះ បានធ្វើឱ្យគាត់ជាម្តាយ និងប្តីរបស់នាង មានការព្រួយបារម្ភខ្លាំងណាស់ អំពីសុខទុក្ខរបស់នាង និងព្យាយាមតាមរកគ្រប់កន្លែង តែពុំឃើញសោះ ចំណែកទូរស័ព្ទ ហៅចូល តែអត់លើកទទួល និងចុចបិទថែមទៀត។ គាត់ក៏បានទៅសួរមិត្តភក្តិរួមការងាររបស់នាង នៅឯរោងចក្រដែរ ប៉ុន្តែមិត្តភក្តិកូនស្រីគាត់ប្រាប់គាត់ថា កូនស្រីគាត់ ចូលធ្វើការតែ១ព្រឹកប៉ុណ្ណោះ ពេលថ្ងៃ អត់ឃើញមកធ្វើការទេ។
ស្ត្រីជាម្តាយ បានបន្ថែមថា ដោយសារតែបែបនេះ ទើបគាត់ផ្តិតរូបថតច្រើនសន្លឹក ដើរដាក់តាមប៉ុស្តិ៍នគរបាល ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកកូនស្រីគាត់ ហើយបើឃើញជួយផ្តល់ដំណឹងមកគាត់ តាមរយៈទូរស័ព្ទលេខ ០៩៦ ៣៦ ១៣ ៣៩០ ផង។
ស្ត្រីជាម្តាយ បានអះអាងថា រហូតមកដល់ពេលនេះ គាត់ជាម្តាយ នៅតែពុំបានដឹងថា មូលហេតុអ្វី ទើបកូនស្រីបាត់ខ្លួនបែបនេះទេ ពុំដឹងនាងចុះចោលប្តី ឬមានរឿងអ្វីផ្សេងនោះទេ។ ចំណែកប្តីនាង ពេលនេះលែងនៅបន្ទប់ជួលខាងលើទៀតហើយ គឺបានរើអីវ៉ាន់ទៅស្នាក់នៅជាមួយបងប្អូនរបស់គេបាត់ហើយ៕