Saturday, April 20, 2024
Homeព័ត៌មានសិល្បៈសុវត្ថិឌី ធារីកា ឃើញសពម៉ែហូរទឹកភ្នែក ស្រែកយំ ម៉ាក់អើយកុំអាល័យកូន ទៅឲ្យបានសុខ

សុវត្ថិឌី ធារីកា ឃើញសពម៉ែហូរទឹកភ្នែក ស្រែកយំ ម៉ាក់អើយកុំអាល័យកូន ទៅឲ្យបានសុខ

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀង សុវត្ថិឌី ធារីកា បានយំយែកស្ទើរខ្សោះទឹកភ្នែកទៅហើយ ក្រោយពិនាងត្រូវបានបាត់បង់លោកឪពុកនិងអ្នកម្តាយជាទីគោរពស្រឡាញ់ព្រមគ្នាក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍​ ហើយសពឪពុកម្តាយនាង ត្រូវបានបូជារួចរាល់ កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។   

ទិដ្ឋភាពដែលគួរឲ្យសង្វេគ ទាញទឹកភ្នែកមហាជន សិល្បករ សិល្បការិនីគ្រប់គ្នាឲ្យហូរស្រក់ ទប់មិនជាប់នោះ គឺពេលបូជាសពឪពុកម្តាយនៅវត្តស្ទឹងមានជ័យ តារាចម្រៀងសុវត្ថិឌី ធារីកា បានស្រែកទ្រហោយំហៅប៉ាម៉ាក់ដែលសពលោកទាំងពីរកំពុងតែបូជា ហើយរំពេចនោះស្រាប់តែតារាចម្រៀង សុវត្ថិឌី ធារីកា ថាបានឃើញម្តាយនាងហូរទឹក

ភ្នែក ដោយសារនៅអាឡោះអាល័យកូន ទើបសុវត្ថិឌី ធារីកា បានទួញយំប្រាប់គេប្រាប់ឯងថា “ម៉ាក់អើយ! ម៉ាក់ហូរទឹកភ្នែក អ៊ំតុប ម៉ាក់ហូរទឹកភ្នែក ម៉ាក់អើយ ខ្ញុំសុំប៉ះម៉ាក់ខ្ញុំបានអត់ឥឡូវ? ខ្ញុំសុំជូតទឹកភ្នែកម៉ាក់បានអត់? អូយម៉ាក់អើយម៉ាក់ ហេតុអីម៉ាក់ហូរទឹកភ្នែក ម៉ាក់ខ្ញុំស្អាតណាស់ ម៉ាក់កុំ អាឡោះអាល័យខ្ញុំណា ខ្ញុំមើលថែប្អូន ម៉ាក់ណា ម៉ាក់ស្អាតណាស់លោកអើយ ម៉ាក់កុំភ័យ”។

សុវត្ថិឌី ធារីកា ទួញយំបន្តថា «ហេតុអីម៉ាក់ហូរទឹកភ្នែក ម៉ាក់អើយម៉ាក់ ម៉ាក់កុំអាឡោះអាល័យកូនណាម៉ាក់ ខ្ញុំមើលថែប្អូនបានណាម៉ាក់ សូមម៉ាក់និងប៉ា ទៅឲ្យបានសុខ ​ហើយកើតជាតិណាៗ សូមឲ្យកូនបានកើតជាកូនម៉ាក់និងប៉ាទៀត  កូនសូមជូនដំណើរលោកអ្នកមានគុណ ជាចុងក្រោយ…»។

ទោះបីជាយ៉ាងណា ក្រោយពីបញ្ចប់ពិធីបជាសពឪពុកម្តាយរួចរាល់ សុវត្ថិឌី ធារីកា ហាក់ពង្រឹងស្មារតីបានវិញខ្លះ ដោយមានការលួងលោមលោកទឹកចិត្ត និងជួយរំលែកទុក្ខពីបងប្អូន មិត្តភក្តិ អ្នកសិល្ប:ទាំងឡាយ។  

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កញ្ញាសុវត្ថិឌី ធារីកា បានបញ្ចេញសារថ្លែងអំណរគុណ ដល់ញាតិមិត្ត បងប្អូនជិតឆ្ងាយទាំងអស់ដែលបានចូលរួមរំលែកទុក្ខ ចំពោះមរណភាពលោកឪពុកនិងអ្នកម្តាយនាង និងបានអញ្ជើញមកចូលរួមបុណ្យសពផ្ទាល់ដល់វត្តស្ទឹងមានជ័យ។

ជាពិសេសនាងសូមថ្លែងអំណរគុណដល់លោកស្រីឧកញ៉ា ម៉ែន ចិន្តា ដែលមានទឹកចិត្តមហាសប្បុរស ជួយរាប់រងពិធីបុណ្យសព។

កញ្ញាសុវត្ថិឌី ធារីកា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក​ របស់នាង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា «ជាបឋមនាងខ្ញុំ សុវត្ថិឌី ធារីកា សូមលំឱនកាយក្រាបសំពះថ្លែងអំណរគុណដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្ត បងប្អូនទីជិតឆ្ងាយ ដែលបានចូលរួមរំលែកទុក្ខនៃមរណភាពលោកឪពុក មាស សុវត្ថិឌី និង អ្នកម្តាយ ពៅ ពុទ្ធារី ដោយការអញ្ជើញមកផ្ទាល់ដល់វត្តស្ទឹងមានជ័យ ទីតម្កល់នៃសព ឬជាសាររំលែកទុក្ខ តាមបណ្តាញសង្គមនានា។

ជាមួយគ្នានេះ នាងខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់បងស្រីជំទាវ ឧកញ៉ា ម៉ែន ចិន្តា ដែលមានទឹកចិត្តមហាសប្បុរស ជួយរាប់រងពិធីបុណ្យសពទាំងមូលរបស់លោកអ្នកមានគុណនាងខ្ញុំទាំងពីរ និងបងៗពិធីការ ដែលបានជួយចាត់ចែងកម្មវិធីបុណ្យបានចប់សព្វគ្រប់យ៉ាងរលូន ។ ទន្ទឹមនឹងនេះ នាងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាឃុំគ្រងបងប្អូនទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន។

 ជាចុងក្រោយ នាងខ្ញុំសូមគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ ចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យខួបគម្រប់ ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធនៃសពលោកឪពុកនិងអ្នកម្តាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា នៅគេហដ្ឋានលេខ ៦៧ ផ្លូវ ១៧ បុរីឡាយគង់២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ»។

សូមបញ្ជាក់ថា ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ សពឪពុកម្តាយកញ្ញាសុវត្ថិឌី ធារីកា ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ នៅគេហដ្ឋានរបស់នាង លេខ ៦៧ ផ្លូវ ១៧ បុរីឡាយគង់២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួររំលឹកថា ឪពុកនិងម្តាយតារាចម្រៀង សុវត្ថិឌី ធារីកា បានបាត់បង់ជីវិតព្រមៗគ្នាក្នុងថ្ងៃតែមួយ ពេលតែមួយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

មុនពេលកើតហេតុ គ្រួសាររបស់នាង ក្នុងនោះមានលោកឪពុក អ្នកម្តាយ ជីដូន និងប្អូនប្រុស ព្រមទាំងរូបនាងផ្ទាល់ បានធ្វើដំណើរក្នុងរថយន្តតែមួយជាមួយគ្នា ម៉ាក Lexus RX 300 ពាក់ផ្លាកលេខ ភ្នំពេញ BJ-1672 ដោយឪពុកនាងជាអ្នកបើកបរ ចេញពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វេទិកាបុណ្យអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវ ក៏ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តធ្លាក់ទឹកប្រឡាយតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង ៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឆែប ប៉ុន្ដែជាអកុសល លោកប៉ានិងម៉ាក់របស់កញ្ញាសុវត្ថិឌី ធារីកា បានផុតដង្ហើមទៅហើយ ដោយសារឈ្លក់ទឹក។ រីឯជីដូន និងធារីកា ព្រមទាំងប្អូនប្រុស របួសស្រាល ត្រូវបានគ្រូពេទ្យលាងរបួស និងដាក់សេរ៉ូម ក៏បានធូរស្បើយ។ សពឪពុកម្តាយកញ្ញាសុវត្ថិឌី ធារីកា ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យ នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ និងបានបូជានៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ៕ ខៀវទុំ

RELATED ARTICLES