Tuesday, April 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតចោទប៉ូលិសហៅស្រីតា ស្នងការហៅចូលបំភ្លឺ

ស្រីស្អាតចោទប៉ូលិសហៅស្រីតា ស្នងការហៅចូលបំភ្លឺ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអះអាងថា នាងត្រូវបានសមត្ថកិច្ចចរាចរណ៍ ធ្វើការផាកពិន័យចំពោះការបើកបរបំពានភ្លើងចរាចរណ៍ និងបានទារថ្លៃផាកពិន័យដល់ទៅ ១៥០ដុល្លារ ព្រមទាំងប្រើសម្តីមិនសមរម្យដាក់ខ្លួនជាស្រីទៀតផង តែយ៉ាងណា សមត្ថកិច្ចបានព្យាយាមទំនាក់ទំនងនារីជាម្ចាស់គណនីហ្វេសប៊ុក ខាងលើ ចូលមកបំភ្លឺ អស់រយៈពេល ៣ថ្ងៃមកហើយ តែទាក់ទងមិនបានសោះ។

យោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថា “ក្រោយបានឃើញការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Sambath Viriya ក្រុមការងារបានព្យាយាម ទាក់ទង និងស្វែងរកម្ចាស់គណនីនេះ ដើម្បីសហការចូលមកបំភ្លឺ និងបង្ហាញភ័ស្តុតាងចំពោះចុះផ្សាយនេះ ប៉ុន្តែអស់រយៈពេល ៣ថ្ងៃហើយ ក្រុមការងារបានទាក់ទងទៅមិនឃើញម្ចាស់គណនីរូបនេះឆ្លើយតបនោះទេ ។

ប្រភពដដែល បន្តថា ក្នុងករណីមានអ្នកស្គាល់ម្ចាស់គណនីនេះ សូមជួយប្រាប់ និងផ្តល់ដំណឹងដល់គាត់ដើម្បីមកបំភ្លឺការពិតដល់សមត្ថកិច្ច។ បើនៅតែមិនមានការឆ្លើយតប ហើយផុសព័ត៌មានដូច្នេះទៀត ក្រុមការងារនឹងបំភ្លឺបញ្ចប់ថាជាគណនីក្លែងក្លាយ ផុសព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់។ សមត្ថកិច្ចជំនាញ រីករាយរង់ចាំទទួលការចូលបំភ្លឺរបស់ម្ចាស់គណនីនេះ…”។

គួរបញ្ជាក់ថា ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sambath Viriya ដែលមានដាក់រូបប្រូហ្វាល់ជាស្រីស្អាតម្នាក់ បានបង្ហោះសាររៀបរាប់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថា “ហ៊ី ខ្ញុំសែន ហួសខ្លាំងណាស់? នាងខ្ញុំសុំសួរបងប្អូនមួយបានអត់ បើមានអ្នកណាដឹង ប្រាប់ខ្ញុំផង ព្រឹកមិញនៅ ៩ៈ១៣នាទីព្រឹក ត្រូវនឹងថ្ងៃពុធទី១៨ ខែ០៥ ឧសភា ឆ្នាំ២០២២ នៅទីតាំងស្តុបបូកគោ ឡានខ្ញុំម៉ាក Mazda ក្រហម នាងខ្ញុំបានជិះពីស្តុបទន្លេបាសាក់ គោលដៅជិះចង់ទៅច្បារអំពៅ ពេលមកដល់ស្តុបបូកគោ ខ្ញុំក៏បត់ស្តាំ ក្នុងភ្លើងស្តុបពណ៌ គ្មានសញ្ញាព្រួញទេ គឺជាស្តុបមូល ស្រាប់តែមានក្រុម police ចរាចរណ៍ បីនាក់ ចេញមកចាប់ឡាននាងខ្ញុំ ហើយខ្ញុំបានឈប់និងបើកកញ្ចក់សួរថា បង police តើខ្ញុំខុសអី? Police គាត់ថា អូនឯងខុសភ្លើងស្តុប នាងខ្ញុំសួរវិញ ម៉េចបានថាខ្ញុំខុស ព្រោះនាងខ្ញុំបត់ស្តាំតើ? Police ពីរនាក់គាំង និយាយមិនចេញទេ ហើយបាននិយាយថា ចុះពីលើឡានអូនឯងមក កុំបាច់និយាយច្រើន ជួបមេបងនៅតុទៅ ដឹងគ្នាហើយ។ ពូ police មួយ មានឈ្មោះ ម៉ក់ សុវណ្ណារ៉ា ពាក់ស័ក្កិ៣ គាត់និយាយថា នាងឯងខុស កុំនិយាយច្រើន! នាងខ្ញុំ បានតបតថា ពូឯងនិយាយសាហាវម៉េះ ខ្ញុំថា ក្រែងមេពូឯង លោកពូស្នងការក្រុង ស ថេត ថាបត់ស្តាំបានតើ ហើយស្រែកដាក់នាងខ្ញុំថា ដកបង្ហាញប័ណ្ណបើកបរមក ពេលនាងខ្ញុំឱ្យហើយ គាត់សួររឿងកាតគ្រីវិញម្តង នាងខ្ញុំថា ឡានរបស់ប៉ាខ្ញុំទេ ខ្ញុំមិនបានយកមកទេ គាត់ថាកាតគ្រី គេផាក ២៥០ដុល្លារ ស្តុបបត់ស្តាំ ១៥ម៉ឺន គាត់ថាបើមីអូនឯងសុំទោសពូ ហើយមិនចង់យកទៅកន្លែង ឱ្យសម្រួលមេនៅតុពូ ១៥០ដុល្លារទៅ ខ្ញុំទារប័ណ្ណបើកបរវិញ ខ្ញុំថាខ្ញុំប្រញាប់ណាស់ យកអីវ៉ាន់ឡេទៅឱ្យគេ Police ឈ្មោះម៉ក សុវណ្ណារ៉ា ពាក់ស័ក្ក៣ និយាយឆ្កួតថា អូនឯងប្រញាប់ជួបតាមែន? ខ្ញុំថា ពូឯងចង់បានអី កុំនិយាយឆ្កួតជាមួយខ្ញុំ កុំមកនិយាយភ្លើៗជាមួយខ្ញុំ ខ្ញុំមានម៉ែ មានឪ មានពូជ មិនស្រីខូចទេ។ ចុងក្រោយ police ហ្នឹងមកនិយាយថា ឥឡូវមីអូនឯងបើប្រញាប់ អត់ចង់យកឡានទៅទុក ១៥ថ្ងៃទេ សម្រួលមេបងទៅ ១៥០ដុល្លារ ខ្ញុំភ័យពេក ដឹងថាពួកនេះសាហាវ ខ្ញុំក៏ឱ្យពួកវាទៅ ក្រុម police មួយនេះ ដូចចោរចឹង ប៉ូលិសកន្លែងផ្សេងៗ ឱ្យតែ៤ ទៅ១០ដុល្លារ គេយកហើយ។ ចុងក្រោយ នាងខ្ញុំបានឱ្យលុយហើយ ១៥០ដុល្លារ ហើយអត់ឱ្យប័ណ្ណបើកបរខ្ញុំវិញទៀត ថាចាំ១០ថ្ងៃទៀត ចាំមកយក ខ្ញុំឡើងលើឡាន ហើយក៏យកទូរស័ព្ទមកបំរុងនឹងថតក្រុមនេះ ពួកវាក៏ឆក់ទូរស័ព្ទពីក្នុងឡានទៀត សាហាវណាស់។ ខ្ញុំប្រាប់បងប្រុសខ្ញុំជាអ្នកកាសែតថា បងជួយទៅពួកវាឱ្យតិចមក ដើម្បីឱ្យខ្ញុំយកទៅផុសឱ្យអគ្គស្នងការនគរបាលជាតិ លោកពូ នេត សាវឿន និងលោកអ៊ុំ ស ខេង និងលោកពូ ស ថេត ជាពិសេស សម្តេចពុក ហ៊ុន សែន សូមជួយកូនចៅផង អយុត្តិធម៌ខ្លាំងណាស់។ នាងខ្ញុំសូមផ្តាំទៅ អា police ថោកទាប ឈ្មោះម៉ក់ វណ្ណារ៉ា ពាក់ស័ក្កិ៣ បានឃើញផង បើចង់បានលុយ ខ្ញុំឱ្យហើយ ម៉េចបានថោកមិនឱ្យប័ណ្ណបើកបរមកអញវិញ…?”៕

RELATED ARTICLES