ខេត្តបាត់ដំបង ៖ អតីតទណ្ឌិតម្នាក់ដែលធ្លាប់សម្លាប់មនុស្ស និងត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ ទើបនឹងចេញវិញបានតែប៉ុន្មានខែ ក៏បង្កហិង្សា វាយឪពុកបង្កើតរបស់ខ្លួននឹងដំបងទីបដែកជ្រុង បណ្តាលឱ្យបាក់ដៃ និងប៉ោងឆ្អឹងជំនីរ រងរបួសយ៉ាងដំណំ ដោយសារខឹងឪពុកហាមឃាត់ មិនឱ្យផឹកស្រា ជក់ថ្នាំញៀន បំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ ត្រៀមចូលដេកគុកសាជាថ្មីវិញ។
ករណីអំពើហិង្សាក្នុងគ្រួសារ (កូនប្រុសវាយឪពុកបង្កើតបាក់ដៃ) នេះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ជនដៃដល់ដែលវាយឪពុកខ្លួនឯងបណ្តាលឱ្យបាក់ដៃនេះ មានឈ្មោះវ៉ាន់ សុភុំ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាក ជាអតីតទណ្ឌិតធ្លាប់សម្លាប់មនុស្ស ជាប់គុក១០ឆ្នាំ ទើបនឹងចេញពីគុកវិញបានប៉ុន្មានខែប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅជាមួយឪពុកបង្កើត ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះខាត់ សុវ៉ាន់ ហៅផុន អាយុ៧១ឆ្នាំ មុខបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា លោកតាជាជនរងគ្រោះ ឈ្មោះខាត់ សុវ៉ាន់ ហៅផុន បានប្តឹងឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ជួយអន្តរាគមន៍ចាប់ខ្លួនកូនរបស់គាត់ម្នាក់នេះភ្លាមៗ ក្រោយពីកូនប្រុសកំណាចរូបនេះ ទាញដែកជ្រុង វាយគាត់ រហូតដល់បាក់ដៃម្ខាង និងវាយប៉ោងឆ្អឹងជំនីរយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
ជនរងគ្រោះ បានរៀបរាប់បន្តថា កូនប្រុសគាត់នេះ (ជនសង្ស័យ) ក្រោយពេលចេញពីគុក បានប៉ុន្មានខែកន្លងទៅនេះ តែងបង្កបញ្ហានៅក្នុងផ្ទះមិនឈប់ រាល់ថ្ងៃមិនដែលនឹកនាដើររកការងារធ្វើ រកលុយចាយវាយខ្លួនឯងនោះទេ ចេះតែទារលុយពីគាត់ជាឪពុក យកទៅចាយវាយ ដើរផឹកស៊ី និងថែមទាំងជក់ថ្នាំញៀន ជាមួយមនុស្សមួយចំនួនដែលមានប្រវត្តិមិនល្អនៅក្នុងភូមិទៀតផង។ ឃើញបែបនេះ រូបគាត់ជាឪពុក បានព្យាយាមលួងលោមផង ហាមឃាត់ផង ជាច្រើនដងច្រើនសា កុំឱ្យកូនប្រុសសេពគប់ជាមួយមនុស្សទាំងនោះទៀត ព្រោះពួកគេជាមុខសញ្ញាមិនល្អ តែយ៉ាងណា កូនប្រុសនេះមិនខ្ចីស្តាប់សម្តីគាត់ជាឪពុកសោះ។
ជនរងគ្រោះ បានបញ្ជាក់ថា លុះមកដល់ថ្ងៃកើតហេតុ គាត់បានស្តីប្រដៅ និងហាមឃាត់កូនម្តងទៀត កុំឱ្យដើរផឹកស៊ី និងជក់ថ្នាំញៀន ជាមួយក្រុមនោះទៀត ស្រាប់តែកូនប្រុសកំណាចនេះ បែរជាខឹងច្រឡោត ស្ទុះទៅទាញដែកជ្រុង សំពងគាត់រហូតបាក់ដៃឆ្វេងម្ខាង និងឆ្អឹងជំនីរខាងឆ្វេងក៏ប៉ោង របួសធ្ងន់ដែរ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ឈ្មោះវ៉ាន់ សុភុំ ដែលប្រើដែកជ្រុងវាយឪពុករបស់ខ្លួនខាងលើនេះ ធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាមួយបងប្រុសម្នាក់ទៀត ពីបទ “មនុស្សឃាត” កាលពីជិត ១០ឆ្នាំមុន។ កាលនោះ ជននេះត្រូវបានតុលាការចោទប្រកាន់ថា បានសមគំនិតជាមួយបងប្រុសរបស់ខ្លួន សម្លាប់ស្ត្រីម្នាក់ នៅក្បែរផ្ទះខ្លួន ញាត់ចូលពាងទឹក នៅពេលស្ត្រីរូបនោះ ចេញក្រៅផ្ទះ ដើរហាត់ប្រាណនាវេលាទៀបភ្លឺ។ ប៉ុន្តែជននេះ មានវាសនាបានចេញក្រៅគុក មុនបងប្រុស ទើបបានប៉ុន្មានខែប៉ុណ្ណោះ ស្រាប់តែពេលនេះ ត្រូវឪពុកប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅញាត់គុកជាថ្មី ដោយសារប្រើហិង្សា វាយគាត់រហូតបាក់ដៃម្ខាង និងប៉ោងឆ្អឹងជំនីរយ៉ាងធ្ងន់ធ្ងរ ដែលគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕