បារាំង៖រយៈពេលជិត៩ឆ្នាំមកហើយដែលអតីតតារាឈាន នីហ្សា បានចេញទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយបោះបង់អាជីពសម្ដែងនិងចម្រៀងដើម្បីក៍សាងជីវិតថ្មីនៅទឹកដីអ៊ឺរ៉ុប។នីហ្សា ដែលមានកូន២នាក់(ស្រី១)នោះចុះមកលេងស្រុកជាញឹកញាប់បើទោះជានាងមិនបានជួបជុំអតីតមិត្តភក្ដិធ្លាប់រួមអាជីពចាស់ជាមួយគ្នាក្ដី ប៉ុន្ដែនាងនៅតែតាមដាននិងស្រលាញ់សិល្បៈដូចមុន។យ៉ាងណាការទៅរស់នៅស្រុកគេជិត១ទសវត្សន៍មកនេះនីហ្សា ថាវាមិនមែនជាការងាយស្រួលនោះទេ ព្រោះនាងពិបាកបំផុតគឺការញាំអាហារបែបអ៊ឺរ៉ុប ដោយសារតែជាទម្លាប់នាងចូលចិត្តញាំម្ហូបខ្មែរ ទើបនាងគិតចិត្តថានៅពេលអនាគតនឹងមករស់នៅស្រុកខ្មែរវិញហើយ។


ប៉ុន្ដែនីហ្សា ថាមិនមែននាងលែងចង់ទៅបារាំងឡើយគឺនៅតែចុះឡើងៗអីចឹងដោយសាតែកូនប្រុសស្រីទាំងពីររបស់នាងនៅតែរស់នៅនិងបន្ដការសិក្សារនៅបារាំង ហេតុនេះហើយនាងគ្រាន់តែរៀបគម្រោងថានាថ្ងៃខាងមុខចង់នៅខ្មែរច្រើនជាងបារាំងប៉ុណ្ណោះ។អ្វីដែលគូរឲ្យកត់សម្គាល់មុនមករស់នៅខ្មែរវិញនេះនីហ្សា បានសម្រេចបំណងធំរបស់ខ្លួនតាមរយៈការបើកលក់Cosmetic ដែលបានរៀបចំហាងមួយនៅទីក្រុងភ្នំពេញហើយពេលនេះការរៀបចំជិតរួចរាល់១០០%ទៅហើយសម្រាប់ផ្ទុកផលិតផលដែលនាងបានប្រើប្រាស់ជាប្រេនផ្ទាល់ខ្លួនម៉ាកGGNG ដែលផលិតចេញពីរោងចក្រនៅថៃ។


ឈាន នីហ្សា ថានាងគ្មានគម្រោងវិលចូលសិល្បៈសារជាថ្មីនោះទេ ហេតុនេះហើយត្រូវតែបង្កើតមុខរបរផ្ទាល់ខ្លួននេះឡើង ហើយដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជនទាំងឡាយរបស់នាងគឺនាងបានរត់ការសុំសិទ្ធិ(license )ពីក្រសួងពាក់ព័ន្ធទាំងអស់ ហើយពេលនេះផលិតផលទាំងនោះក៍មានលក់ជូនភ្ញៀវទាំងឡាយផងដែរ បើទោះជានាងកំពុងរស់នៅបារាំងក្ដី តែនាងមានក្រុមការងារធ្វើកិច្ចការទាំងនោះជំនួសនាង។ក្រៅពីឈាន នីហ្សា អតីតតារាដែលចេញទៅរស់នៅតាមស្វាមីនៅបារាំងមានដូចជាអ្នកនាងជិន សេរីយ៉ា និងផូ មុនីពៅ ជាដើម។នីហ្សា បន្ថែមថានាងគ្រោងនឹងមកខ្មែរជាថ្មីនៅអំឡុងខែ៧(កក្កដា)ឆ្នាំ២០២២ ខាងមុខនេះដើម្បីរៀបចំនិងសម្ពោងហាងគ្រឿងសម្អាងរបស់នាងផងដែរ។អតីតតារាដែលនៅតែរក្សារ បានរូបសម្រស់មិនប្រែប្រួលទោះជាពេលនេះមានកូន២នាក់ទៅហើយនោះនៅតែមិនប្រាប់ពីទំហ៊ុំទឹកប្រាក់ដែលនាងបានចំណាយសម្រាប់ការបើកអាជីវកម្មមួយនេះឡើងថាចាយអស់ប៉ុន្មានទេ តែតាមព័តមានថាការផលិតកម្មង់ពីរោងចក្រនៅថៃនិងប្រើឈ្មោះប្រេនផ្ទាល់ខ្លួនបែបនេះប្រាកដជាចំណាយទុនអស់ច្រើនជាមិនខាន៕


