ខេត្តស្វាយរៀង ៖ បុរស ២នាក់ បានអង្គុយផឹកស៊ីជាមួយគ្នា ឮតែសំឡេងសើចក្អាកក្អាយ ស្រាប់តែស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ដោយភាគីម្ខាង បានជេរប្រមាថ និងដៀលដល់ពូជគូជម្លោះ ជាហេតុធ្វើឱ្យគូទំនាស់ទប់ចិត្តមិនបាន ក៏ស្ទុះទៅវាយដោយប្រើដៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។
ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងភូមិព្រៃតាញុយ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះយ៉ាន កុសល អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ាន រ៉ា អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា រងរបួសក្បាលផ្នែកខាងឆ្វេង ដេរចំនួន២ថ្នេរ រលាត់ស្បែកត្រង់ជើងសក់ខាងស្តាំ ប្រវែង ២សង់ទីម៉ែត្រ និងដាច់ស្បែកត្រចៀកស្តាំ ប្រវែង២សង់ទីម៉ែត្រ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ក្រោយមក ស្រាប់តែអ្នកទាំង២ កើតមានជម្លោះពាក្យសម្តីគ្នា ព្រោះតែភាគីជនដៃដល់ខឹងជនរងគ្រោះជេរដៀលដល់ពួជ ទើបទប់ចិត្តមិនជាប់ ក៏ស្ទុះទៅវាយជនរងគ្រោះទាំងកំរោល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារចេញមកធ្វើអន្តរាគមន៍ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ាន កុសល បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារខ្លួនស្រវឹងស្រា ណាមួយខឹងជនរងគ្រោះជេរដៀលពូជ ទើបទប់កំហឹងមិនជាប់ កើតជាអំពើហិង្សាបែបនេះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីចាត់ការបន្តតាមច្បាប់៕