Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងផលិតគ្រឿងញៀន វ៉ៃខ្នោះ៥នាក់

បង្ក្រាបទីតាំងផលិតគ្រឿងញៀន វ៉ៃខ្នោះ៥នាក់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យទាំងនេះ សម្ងំផលិតនិងចែកចាយគ្រឿងញៀន នៅទីតាំងមួយ ក្នុងចម្ការស្វាយ ជាយូរខែណាស់មកហើយ។

ប្រតិបត្តិការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយ មួយកន្លែង ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៥នាក់ ដែលត្រូវឃាត់ខ្លួន សុទ្ធតែជាជនជាតិចិន មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះ គឺក្រុមការងារចម្រុះដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្រប

សម្រួលពីលោកខៃ សម្ភស្ស ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធបុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីសមត្ថកិច្ចជាច្រើនរូបថែមទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ ដកហូតបានវត្ថុតាង រួមមាន ១-សារធាតុគីមីផ្សំ សរុបទម្ងន់ ៦០គីឡូក្រាម ២-សារធាតុគីមីសរុបទម្ងន់ ៥២៨០គីឡូក្រាម។

បន្ទាប់ពីចុះត្រួតពិនិត្យរួចមក ក្រុមការងារបានធ្វើការបិទគ្រប់បន្ទប់ទាំងអស់ និងបានប្រគល់ឃ្លាំងខាងលើឱ្យអធិការនគរបាលស្រុកភ្នំស្រួច គ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត៕

RELATED ARTICLES