ខេត្តសៀមរាប ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានចូលបម្រើការងារនៅក្នុងតូបលក់ចាប់ហួយមួយកន្លែង រួចព្យាយាមកិបកេងលួចលុយថៅកែរបស់ខ្លួន ត្រឹមតែ១ខែ បានប្រមាណជាង៥៥០០ដុល្លារ ទីបំផុតត្រូវថៅកែដឹង ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់លោកសៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ថាមានករណីរំលោភលើទំនុកចិត្ត កើតមាននៅចំណុចតូបលក់ចាបហួយ មួយកន្លែង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
របាយការណ៍បន្តថា ជនរងគ្រោះឈ្មោះតាន់ សុផល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានដឹកជនសង្ស័យម្នាក់ ឈ្មោះវេត ចរិយ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកលក់ដូរ (លក់ចាបហួយឱ្យខ្លួន) បានមកដាក់ពាក្យបណ្តឹង ទៅលើជនសង្ស័យថា បានលួចប្រាក់របស់ខ្លួន ចំនួន៥៥០០ដុល្លារ។
របាយការណ៍ខាងលើ បញ្ជាក់ថា នៅចំពោះមុខកម្លាំងជំនាញ នារីសង្ស័យឈ្មោះវេត ចរិយ៉ា បានឆ្លើយសារភាពថា នាងពិតជាបានយក ប្រាក់របស់ថៅកែ ឈ្មោះតាន់ សុផល ជាមួយមិត្តភក្តិរបស់គេឈ្មោះម៉ុន ចាន់ធឿន ភេទស្រី ប្រាកដមែន ដោយប្រាក់ដែលខ្លួនយក គឺជាប្រាក់លក់គ្រឿងចាប់ហួយ ពោលគឺបានជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១ខែកន្លងមក សរុបទឹកប្រាក់ចំនួន៥៥០០ដុល្លារ។
ករណីខាងលើនេះ ត្រូវបានលោកស្រី វ៉ា សក្កា ព្រះរាជអាជ្ញាស្តីទី បញ្ជាឱ្យការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕